រដ្ឋមន្រ្តីសេ​ដ្ឋកិច្ចបង្ហើប​ពីការជាប់​គាំងអា​គារនៅ​ខេត្តព្រះសី​ហនុ

 អគារដែលបានផ្អាកដំណើរការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ១១៦១លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។នេះបើតាមការបង្ហើបឲ្យដឹងពីលោកអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”  នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣១ មករានេះ លោកអូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ ការវិនិយោគក្នុងខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក។ជាពិសេស មានការរីកដុះដាលយ៉ាងលឿន ក្នុងចំនួនដ៏ច្រើននូវសំណង់អគារ ជាសណ្ឋាគារភោជនីយដ្ឋានហាងលក់ទំនិញនិងកន្លែងស្នាក់នៅ។ល។ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀត បានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាកឬបញ្ឈប់ដំណើរការសាងសង់។លោកអូនព័ន្ឋមុនីរ័ត្នបានបញ្ជាក់ថា បច្ចុប្បន្ន អគារដែលត្រូវបានផ្អាកដំណើរការសាងសង់ មានចំនួន៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ១១៦១លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ ខណៈអគារដែលត្រូវបានសាងសង់រួច ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន១៧៦។លោកបន្ថែមថា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រ ជាបន្តបន្ទាប់ មានជាអាទិ៍៖ ការកសាងផ្លូវលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងខេត្ត។ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងកាលពីខែមីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវ វិធានការទូទៅនិងវិធានការលើកទឹកចិត្ត សម្រាប់អនុវត្តរហូតដល់ឆ្នាំ២០២៦ ៕



Powered by Blogger.