ព្រឹកនេះមហាស​ន្និបាតវិសាមញ្ញគណ​បក្សប្រជាជនកម្ពុជា​តំណាងទូទាំងប្រទេស

 មហាសន្និបាតគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករាក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សនិងសមាសភាពចូលរួមសរុបមានចំនួន៣៦០០រូប។

របៀបវារៈចំនួន៣ដែលក្នុងនោះរួមមាន១៖ពិនិត្យឆ្លងសេចក្តីព្រាង "របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៣និងទិសដៅភារកិច្ចឆ្នាំ២០២៤" ២៖បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលមួយចំនួននិង៣៖ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្សព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុនិងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការកណ្តាលថ្មីត្រូវបានលើកយកមកពិភាក្សាក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។តាមរយៈសុន្ទរកថាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភានីតិកាលទី៧ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេងបន្ទាប់ពីគណបក្សបានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។គណបក្សប្រជាជនកម្ពុជាពុំដែលធ្វេសប្រហែសឬបាត់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ រាល់ការវិភាគពិចារណារបស់គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវទស្សនៈសត្យានុម័តដែលគ្របដណ្តប់លើទស្សនៈគ្រប់ ជ្រុងជ្រោយទស្សនៈប្រវត្តិសាស្ត្រជាក់ស្តែងនិងទស្សនៈអភិវឌ្ឍជានិច្ច។ យ៉ាងណាមិញការត្រៀមលក្ខណៈសម្រាប់ការបន្តវេនគឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នានៅពេលណានោះក៏ត្រូវបានពិនិត្យពិច្ច័យយ៉ាងល្អិតល្អន់ផងដែរ ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។ការវិវត្តនៃសភាពការណ៍កម្ពុជាតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣%បានបញ្ជាក់ច្បាស់ថាប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុតព្រោះអង្គទាំង៣នេះគឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ដូច្នេះគឺពិតជាផ្ដើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយដែលអនុញ្ញាតឱ្យគណបក្សកំណត់ពេលវេលាជាក់លាក់សម្រាប់ការបន្តវេនរបស់ជំនាន់ថ្មីគឺត្រូវចាប់ផ្តើមពីដើមនីតិកាលទី៧នៃរដ្ឋសភានេះតែម្តង។កាលវេលានេះក៏បង្កឱកាសឱ្យថ្នាក់ដឹកនាំជំនាន់ចាស់នៅបន្តជួយតាមមើលការដឹកនាំរបស់ជំនាន់ថ្មីប្រកបដោយសុទិដ្ឋិនិយមនិងសុភនិច្ឆ័យផងដែរ។នេះជាសភាពការណ៍ពិតរបស់គណបក្សប្រជាជនកម្ពុជា។បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧បានបដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិក៤ខែហើយ។ហើយពិតណាស់ថាក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ទន្ទឹមនេះ អ្វីដែលបានចេញ ដំណើរភ្លាមដែរនោះគឺ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាការសន្និដ្ឋានការចេញដំណើររបស់ជំនាន់ថ្មីមានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិយើង។សូមជម្រាបជូនថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានឹងដំណើរការរយៈពេល២ថ្ងៃ(ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣) តាមរបៀបវារៈដែលបានកំណត់។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលដែលបានចូលរួមមានចំនួន ៧៣៩រូបលើបរិមាណនៃរចនាសម្ព័ន្ធរួម ៨៦៥រូប។ បន្ថែមលើនេះ អង្គមហាសន្និបាតក៏បានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានីខេត្តនិងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្សចូលរួម៣៦០០រូប ៕






Powered by Blogger.