កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកំពុងលេចចេញជារូបរាងកាន់តែខ្លាំងឡើងដែលជាកម្លាំងចលករ និងសសរស្តម្ភថ្មីក្នុងការលើកកម្ពស់ទំនាក់ទំនង “អ្នកជិតខាងល្អមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងកម្ពុជា និងវៀតណាម។សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ តបតាមការអញ្ជើញរបស់ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២កំពុងមានការវិវឌ្ឍជាវិជ្ជមាន។
|
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម។ |
សមិទ្ធផលនានាដែលបានមកពីទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ មិនត្រឹមតែជាជ័យជំនះនៃការតស៊ូរំដោះជាតិរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងបង្ហាញឱ្យឃើញក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ។ទំនាក់ទំនងនយោបាយត្រូវបានពង្រឹង និងរឹតបន្តឹងឥតឈប់ឈរ ដែលបម្រើជាសសរស្តម្ភសម្រាប់ទំនាក់ទំនងរវាង បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំង២។លើសពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស សេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មត្រូវបានពង្រឹងឥតឈប់ឈរក្នុងរយៈពេលថ្មីៗនេះ។ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយប្ដេជ្ញាអភិវឌ្ឍសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសផ្សេងៗ ដែលប្រទេសវៀតណាមត្រូវបានចាត់ទុកជាអទិភាពមួយ។កិច្ចប្រជុំទ្វេភាគី និងការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ គឺជាភស្តុតាងច្បាស់លាស់បំផុតនៃការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជានាពេលខាងមុខ ដោយផ្តោតសំខាន់លើការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅក្នុង អោយកាន់តែមានប្រសិទ្ធភាព។លោក Phan Van Truong មន្រ្តីមកពីការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា បាននិយាយថា វៀតណាមបច្ចុប្បន្នរក្សាចំណាត់ថ្នាក់របស់ខ្លួនជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាទីផ្សារនាំចេញធំទីពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៣ រំពឹងថានឹងកើនឡើងដល់៩ ពាន់លានដុល្លារ។ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៧៩ ដែលវៀតណាមបានបណ្តាក់ទុននៅក្រៅប្រទេស ដោយមានគម្រោងវិនិយោគដែលដំណើរការជាង ២០០ និងដើមទុនចុះបញ្ជីសរុបជិត ៣ ប៊ីលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងក្នុងក្រុមប្រទេសចំនួន ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។រដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពដល់គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ខណៈដែលនេះគឺជាភាពខ្លាំងរបស់អ្នកវិនិយោគ និងធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជានាពេលថ្មីៗនេះ។យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ មេដឹកនាំរដ្ឋាភិបាលទាំងពីរនឹងជួបពិភាក្សាទ្វេភាគី ដើម្បីជំរុញ និងពង្រីកបន្ថែមទៀតលើវិស័យកិច្ចសហប្រតិបត្តិការ រួមមានវិស័យអប់រំ ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ បញ្ហាព្រំដែន និងការពារជាតិ។បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ព្រមទាំងធ្វើជាសហប្រធាននៃវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញថ្លែងសុន្ទរកថានៅសកលវិទ្យាល័យពាណិជ្ជកម្មបរទេសហាណូយ អំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។ថ្មីៗនេះ វៀតណាម និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន និងកិច្ចព្រមព្រៀងដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេល ២០២៣-២០២៤ រួមជាមួយនឹងកិច្ចព្រមព្រៀងផ្សេងទៀត។អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការងារ និងកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា បានជួយដោះស្រាយបញ្ហាជាច្រើន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគរបស់ប្រទេសទាំងពីរក្នុងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។លោកឧកញ៉ា ឡេង រិទ្ធី ប្រធានតំណាងក្រុមហ៊ុនឧស្សាហកម្មកៅស៊ូនៅកម្ពុជា ប្រធានស្តីទីនៃគណៈកម្មាធិការប្រតិបត្តិនៃក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថានឹងបើកទំព័រថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀត រវាងប្រទេសទាំង២។ជាពិសេសលើវិស័យកសិកម្ម និងកែច្នៃផលិតផលកសិកម្ម។លោកបានបន្ថែមថា នេះគឺជាភាពខ្លាំងរបស់ប្រទេសទាំងពីរ ដែលធ្វើឱ្យប្រទេសទាំង២អាចធ្វើការវិនិយោគ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ឧស្សាហកម្មកែច្នៃ ក្នុងគោលបំណងបញ្ជាក់ពីជំហររបស់ពួកគេនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មក្នុងតំបន់ និងពិភពលោក។លោក ឡេង រិទ្ធី ក៏បានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ របស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា ឱ្យឈានឡើងដល់កម្រិតថ្មី៕ប្រភពVOV
Post a Comment