សេចក្តីសម្រេច​ចំនួន១០ត្រូវបានអនុម័តដោ​យសភាកម្ពុជានិងសភាអាស៊ី-ប៉ា​ស៊ីហ្វិក(APPF)

 ឯកឧត្តមជាម យៀបអនុប្រធានទី១នៃរដ្ឋសភាបានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមអនុម័តទៅលើសេចក្តីសម្រេចចំនួន១០នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី៣១ ដែលធ្វើឡើងនៅទីក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីនពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ឈិត គឹមយាត សមាជិកព្រឹទ្ធសភាបានឱ្យដឹងថា សេចក្តីសម្រេចទាំង១០សភាកម្ពុជាចូលរួមអនុម័តជាមួយបណ្តាប្រទេសជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកមាន៖១. សេចក្តីសម្រេចស្តីពីការពង្រឹងសមត្ថភាពតំណាងរាស្ត្រ ក្នុងការលើកស្ទួយសន្តិភាព និងស្ថិរភាពតំបន់២. សេចក្តីសម្រេចស្តីពីការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន៣. សេចក្តីសម្រេចស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៤. សេចក្តីសម្រេចស្តីពីការគិតគូរឡើងវិញទៅលើហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់, ៥សេចក្តីសម្រេចស្តីពីការអភិវឌ្ឍមូលធនមនុស្ស និងកំណើនប្រកបដោយបរិយាប័ន្ន៦.សេចក្តីសម្រេចស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុការអភិរក្សជីវៈចម្រុះនិងការកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ៧. សេចក្តីសម្រេចស្តីពីសមភាពយេនឌ័រ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព៨. សេចក្តីសម្រេចស្តីពីការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្រ្តី៩. សេចក្តីសម្រេចស្តីពីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់តាមរយៈការអប់រំ និងវប្បធម៌១០.សេចក្តីសម្រេចស្តីពីការថែទាំសុខភាពជាសាកលនៅអាស៊ីប៉ាស៊ីហ្វីក។ឯកឧត្តមបន្តថាសភាកម្ពុជាបានសហការស្នើឡើងនូវសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសមាជិកសភាជាស្ត្រី ខណៈវេទិកាទាំងមូលសុទ្ធតែឯកភាពគ្នាថាសភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម និងសំខាន់ឡើង នៅក្នុងវិស័យការទូតសភា ដោយមានការយោគយល់ និងគោរពគ្នាទៅវិញទៅមក ដើម្បីរួមចំណែក ថែរក្សាសន្តិសុខនិងបង្កើតច្បាប់ដែលជួយជំរុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងតំបន់។អង្គវេទិកាបានអំពាវនាវឱ្យជួយជំរុញឱ្យមានតំណាងរាស្ត្រស្ដីឱ្យបានច្រើនហើយថែមទាំងបានសម្រេចឱ្យបង្កើតគណៈកម្មការសភាវ័យក្មេងមួយ ស្មើមុខស្មើមាត់ដូចគណៈកម្មការដទៃទៀតរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ដោយឡែកសិទ្ធិនៃការប្រើប្រាស់លំហសមុទ្រនិងសន្តិសុខនៅឧបទ្វីបកូរ៉េ ក៏ជាប្រធានបទក្តៅគគុកពីរដែលនាំឱ្យមានការជជែកពិភាក្សាគ្នាយ៉ាងផុសផុល។ប៉ុន្តែនៅទីបញ្ចប់តំណាងសភាពាក់ព័ន្ធបានឈានទៅដល់ចំណុចរួមមួយ ដែលធ្វើឱ្យវេទិកាទាំងមូលអាចអនុម័តសេចក្តីសម្រេចទាំង១០បាន។វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។ បច្ចុប្បន្ន វេទិកានៃសភាថ្នាក់តំបន់មួយនេះ មានសមាជិកពេញសិទ្ធិចំនួន២៨ប្រទេសហើយសភាកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥៕

Powered by Blogger.