គណបក្សប្រជា​ជនកម្ពុជាចងសម្ព័ន្ធភាព​ជាមួយបណ្ដាគណ​បក្សនយោបាយ

 ប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែននៅព្រឹកថ្ងៃទី ២៥ខែតុលាឆ្នាំ២០២៣អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា(CPP)ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីទទកនិងAKPបានឲ្យដឹងថាកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព ដែលត្រូវចុះហត្ថលេខា មានចំនួន៨ចំណុចសំខាន់ៗរួមមាន៖

រូបភាពសហការី
១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

២- ប្តេជ្ញាគោរពប្រតិបត្តិការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

៣- ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។

៤- រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។

៥- សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ។៦- គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។

៧- កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ។

និង៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ៕ប្រភពaphichundigitaltv.com

Powered by Blogger.