នាយករដ្ឋមន្ត្រីក​ម្ពុជា​ប្ដេជ្ញាបន្តបញ្ចូន​កម្លាំង​មួក​ខៀវសម្រា​ប់ទ្រទ្រង់​​សកម្ម​ភាពកសាងសន្តិភា​ព​ក្រោមឆ័ត្រអង្គការ​សហប្រជាជាតិ

ជាមួយនឹងការអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឬសគល់នៃជម្លោះ និងពង្រឹងសាមគ្គីភាពនោះ  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាថ្មី ពីអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបញ្ចូនកម្លាំងមួកខៀវ សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីបេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីគោលជំហរកម្ពុជាក្នុងការបន្តដើរលើមាគ៌ានយោបាយឯករាជ្យ អព្យាក្រឹត្យ ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយ ស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតីបានសង្កត់ធ្ងន់ថាកម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬក៏ការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក៏មិនអនុញ្ញាតឱ្យប្រទេសណា ឬក្រុមណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀតនោះដែរ។ ជាងនេះទៀតសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីគោលដៅ «កម្ពុជាគ្មានមីនត្រឹម ឆ្នាំ២០២៥»ដោយអំពាវនាវសហគមន៍អន្តរជាតិបន្តផ្តល់ការគាំទ្រ។បើតាមសេចក្ដីប្រកាស ជារួម ក្នុងរយៈពេលត្រឹមមួយខែ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មក្រៅប្រទេសធំៗដល់ទៅ ៣ លើក ដោយនាំមកនូវជោគជ័យធំធេងទាំង ផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជន។ តាមរយៈបេសកកម្មទាំងនេះ កិត្យានុភាពជាតិ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ ខណៈដែលយុទ្ធសាស្ត្របញ្ចកោណបានផ្តល់ប្រយោជន៍ យ៉ាងធំធេង និងឆាប់រហ័សដល់ប្រជាពលរដ្ឋ។ កាន់តែពិសេសទៀតនោះ យុទ្ធសាស្ត្របញ្ចកោណនេះទៀតសោតក៏ត្រូវបានស្វាគមន៍ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ដោយសារយុទ្ធសាស្តនេះបានលើកស្ទួយសង្គម-សេដ្ឋកិច្ច ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕AKP
Powered by Blogger.