ហ្វេស​ប៊ុកស​​ម្តេច​ហ៊ុន សែ​នបើ​កដំណើ​​រកា​រឡើងវិញ

 ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឈ្មោះថា«Samdach Hun Sen, Cambodian Prime Minister» បានចាប់ផ្តើមបើកដំណើរការឡើងវិញហើយកាលពីយប់ថ្ងៃពុធ បន្ទាប់ពីសម្តេចប្រកាសបិទឈប់ប្រើកាលពីចុងខែមិថុនាកន្លងទៅ។ 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។សហការី
ការដំណើរការឡើងវិញនៃផេកហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រីដែលមានមនុស្ស១៤លាននាក់ចូលតាមដានពេលនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងកម្មសិទ្ធិរបស់លោក ដួង តារា ជំនួយការផ្ទាល់សម្តេចហ៊ុន សែន ដែលជាម្ចាស់បង្កើតទំព័រហ្វេសប៊ុកនេះ។ នៅលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា«Samdach Hun Sen, Cambodian Prime Minister» លោក ដួង តារា ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ លោកបានបង្កើតផេក «Samdach Hun Sen, Cambodian Prime Minister» នេះដើម្បីទុកប្រគល់ជូនសម្តេចនាយករដ្ឋមន្ត្រី សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ជាពិសេសដើម្បីបានដឹងអំពីសុខទុក្ខពលរដ្ឋដោយផ្ទាល់តាមរយៈសំណូមពរនិងមតិយោបល់តាមរយៈផេកនេះ។លោក ដួង តារា បញ្ជាក់ថាដោយសារតែលោកបានឃើញអំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះទើបលោកសម្រេចបង្កើតផេកនេះឡើងទុកជូនសម្តេចហ៊ុន សែន យកទៅប្រើជាប្រយោជន៍ប្រទេសជាតិ។ តាមលោក ដួង តារា លោកមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលលោកប្រើពេល១៣ឆ្នាំកន្លងមកនោះឡើយ។ លោក តារា បន្តថាលោកបានសម្រេចចិត្តយកមកប្រើឡើងវិញនិងសូមស្នើសុំរក្សាផេកនេះទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេច ហ៊ុន សែន មិនប្រើក៏ដោយ។ជាការកត់សម្គាល់ ហ្វេសប៊ុក «Samdach Hun Sen, Cambodian Prime Minister» បានចាប់ផ្តើមផុសព័ត៌មានឡើងវិញជាលើកដំបូងនៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ ដោយលើកឡើងពីTwitter សម្តេចហ៊ុន សែន ក្នុងការស្វាគមន៍របស់សម្តេចដល់មន្ត្រីសង្កេតការណ៍បរទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ ជាង៣០០នាក់ មកពី៦៥ប្រទេស។សូមរំលឹកថាកាលពីចុងខែមិថុនាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេចឈប់ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុចចូលចិត្ត(Likes) រហូតជាង១៤លាននាក់ ហើយងាកទៅប្រើប្រាស់បណ្តាញសង្គមរបស់ចិន និងរុស្ស៊ីវិញ គឺTik Tok និងតេឡេក្រាម។ ការសម្រេចបោះបង់ចោលហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ពេលនោះ គឺធ្វើឡើងបន្ទាប់ពី ក្រុមក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ​ក្រុមហ៊ុន Meta បាន​អំពាវនាវ​ឲ្យ​ព្យួរទំព័រ​ហ្វេសប៊ុក​របស់​សម្តេច ហ៊ុន សែន រយៈពេល​៦​ខែ ក្រោមហេតុផលមានវីដេអូ​មួយ ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេចបាន​រំលោភលើ​វិធាន​របស់​ក្រុមហ៊ុន Meta ស្តីពី​ការ​គំរាមកំហែងនិង​ហិង្សា។ក្រោយមករដ្ឋាភិបា​កម្ពុជា​ក៏បានប្រកាសបិទការិយាល័យតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាប្រកាសហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​រ​បស់​ក្រុមហ៊ុន Meta ​ចំនួន​២២​រូប ​មិន​ឲ្យ​ចូលឬមាន​វត្តមាន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ដោយចាត់ទុកជា PERSONA NON GRATA។ ក្រសួងការបរទេសកម្ពុជាបានហៅអនុសាសន៍​របស់​ក្រុម​ប្រឹក្សា​ភិបាលត្រួត​ពិនិត្យរបស់​ក្រុមហ៊ុន Meta ​ឲ្យ​​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​គណនីហ្វេសប៊ុករបស់សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថាមាន​លក្ខណៈ​នយោបាយ។ ទោះយ៉ាងណា រហូតមកទល់ពេលនេះ គេនៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយពីក្រុមហ៊ុនហ្វេសប៊ុក ពីការសម្រេចព្យួរហ្វេសប៊ុកសម្តេចហ៊ុន សែន ហើយក៏មិនទាន់មានប្រតិកម្មយ៉ាងណាដែរចំពោះការប្រកាសមិនស្វាគមន៍ដល់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta៕RFI
Powered by Blogger.