ចិនអះអាងរក្សាកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីគ្រប់កម្រិត(TASS/Xinhua)
ចិនបានអះអាងថានឹងរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីគ្រប់កម្រិតក្នុងបរិបទដែលក្រុងប៉េកាំងកំពុងជំរុញដំណោះស្រាយសន្តិភាពចំពោះអ៊ុយក្រែន។ក្នុងជំនួបជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG20 នៅទីក្រុងញូវដែលីនាថ្ងៃទី ២ខែមីនា រដ្ឋមន្ត្រីការបរទេសចិន Qin Gangបាននិយាយថា ចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញនិងលំបាកទីក្រុងប៉េកាំងមានឆន្ទៈក្នុងការសម្របសម្រួលរួមគ្នាជាមួយក្រុងម៉ូស្គូនិងប្រទេសដទៃទៀត ដើម្បីធានាសន្តិភាពសន្តិសុខការអភិវឌ្ឍន៍និងវិបុលភាពរួម។ក្រសួងការបរទេសចិនបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសQin Gangថា"ចិន និងរុស្ស៊ីគួរតែសហការគ្រប់កម្រិត។យើងត្រូវរក្សាទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងការបរទេសទាំង២" ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកLavrov ក៏បាននិយាយផងដែរថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសចិនដើម្បីនាំមកនូវស្ថិរភាពបន្ថែមទៀតដល់ប្រព័ន្ធអន្តរជាតិដោយបន្ថែមថាប្រទេសទាំង២ជាសមាជិកនៃក្រុមមិត្តភាពដែលការពារធម្មនុញ្ញអង្គការសហប្រជាជាតិ(UN)។ចំពោះជម្លោះអ៊ុយក្រែនលោក Qin បាននិយាយថាប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធីហើយនឹងបន្តដើរតួនាទីស្ថាបនាក្នុងបញ្ហានេះ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថាលោកបានកោតសរសើរចំពោះគោលជំហរមិនលំអៀងនិងស្ថាបនារបស់ប្រទេសចិនដោយបន្ថែមថាទីក្រុងម៉ូស្គូតែងតែត្រៀមខ្លួនសម្រាប់ការចរចានិងកិច្ចសន្ទនា។ប្រទេសចិនកាលពីខែមុនបានបោះពុម្ពឯកសារ១២ចំណុចស្តីពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានអំពាវនាវឱ្យភាគីទាំងអស់គាំទ្រទីក្រុងម៉ូស្គូនិងក្រុងគៀវ ឱ្យបន្តកិច្ចសន្ទនាដើម្បីដោះស្រាយវិបត្តិ។ ប្រទេសចិនបានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះការប្រើប្រាស់ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារប្រជាជនស្លូតត្រង់។ វាក៏ប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីដែលមិនត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។រុស្ស៊ី បេឡារុស្ស គាំទ្រផែនការសន្តិភាពរបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនិងអង្គការណាតូបាននិយាយថាផែនការរបស់ចិនដែលបានគូសបញ្ជាក់មិនមែនជាការឆ្លុះបញ្ចាំងគ្រប់គ្រាន់នៃសង្គ្រាមនោះទេ ហើយថាទីក្រុងប៉េកាំងមិនមានអព្យាក្រឹតគ្រប់គ្រាន់ក្នុងការសម្រុះសម្រួល។ចិនមិនបានដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់យុទ្ធនាការយោធារបស់ខ្លួនទេ បើទោះជាមានសម្ពាធពីប្រទេសលោកខាងលិចក៏ដោយ។ទីក្រុងប៉េកាំងក៏បានប្រកាសម្តងហើយម្តងទៀតនូវទំនាក់ទំនងល្អជាមួយទីក្រុងម៉ូស្គូហើយចង់អភិវឌ្ឍទំនាក់ទំនងនេះឡើងដល់កម្ពស់ថ្មីមួយ៕
រដ្ឋមន្ត្រីការបរទេសចិនលោកQin Gang (ស្តាំ) ក្នុងជំនួបជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov នៅខាងក្រៅកិច្ចប្រជុំG20នៅទីក្រុង New Delhi នាថ្ងៃទី២ខែមីនា។ រូបថត៖Xinhua។
Post a Comment