កម្ពុជាសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ផ្លូវល្បឿនលឿនដែលមានតម្លៃជាង២៣០លានដុល្លារ
សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថារាជរដ្ឋាភិបាលបានសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដោយប្រើថវិការបស់រាជរដ្ឋាភិបាលចំនួន២៣០លានដុល្លារភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ។ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្ដីនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យានិងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)សរុប ចំនួន៥៤៥០ នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣។សម្តេចបានថ្លែងថា៖«មិនជាយូរប៉ុន្មានយើងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយ នឹងបាវិត ហើយវៀតណាមនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់នឹងទល់ដែនជាមួយកម្ពុជា។ ប៉ុន្តែក៏សូមជម្រាបជូនពីមុនគឺខាងក្រុមហ៊ុនចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គដោយយកប្រាក់ពីប្រជាជន។ខ្ញុំថា ខ្ញុំមិនព្រមទេរឿងយកប្រាក់ពីប្រជាជនក្នុងការឆ្លងស្ពានគឺខ្ញុំទទួលយកមិនបានទេ។ អីចឹងសុំអ្នកឯងគិតគូរឡើងវិញ។ប៉ុន្តែក្រោយមកទោះមានការគិតគូរយ៉ាងណាក៏មិនអាចទៅរួចដែរ។»សម្ដេចបានបន្ដថា ដើម្បីឱ្យការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមានតម្លៃថោកកុំឱ្យថ្លៃពេកដោយដំបូងយើងចង់ឱ្យគិតពីការតម្លៃនៃការធ្វើដំណើរក្នុងមួយគីឡូម៉ែត្រតែត្រូវយកប៉ុន្មានដើម្បីឱ្យទៅយកតម្លៃឆ្លងស្ពាន ព្រោះប្រជាជនយើងត្រូវការឆ្លងស្ពានច្រើន។ប៉ុន្តែឥឡូវនេះ យើងបានសម្រេចធ្វើស្ពាននេះតែម្ដងដោយប្រើប្រាស់ថវិកាប្រមាណ២៣០ លានដុល្លារធ្វើជាស្ពានសម្រាប់ផ្លូវល្បឿនលឿន២ទៅ២មកដើម្បីតភ្ជាប់ឆ្លងពីត្រើយខាងកើតទៅត្រើយខាងលិចរួចហើយឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែងនិងខេត្តស្វាយរៀងមួយផ្នែក។«យើងឱ្យក្រុមហ៊ុនធ្វើចុះ ហើយយើងអ្នកចេញលុយព្រោះគេមានបច្ចេកទេសហើយយើងកំពុងចរចាជាបន្ត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចហ៊ុន សែន។សម្តេចបានលើកឡើងថា នៅប្រទេសខ្លះគេប្រើវិធីយកលុយពីអាផ្លូវធំយកមកចិញ្ចឹមអាផ្លូវតូច គេយកតម្លៃអ្នកដែលបង់ថ្លៃធ្វើដំណើរផ្លូវធំយកមកកសាងផ្លូវតូចៗទៅ វិញ ដែលនេះគឺជារបៀបដោះស្រាយបញ្ហា។សម្តេចបានថ្លែងបន្ថែមថា៖ «ជួនកាលការដាក់ចេញនូវគោលនយោបាយណាមួយដែលមិនគិតគូរទៅលើបរិស្ថានគ្របដណ្តប់គិតពីភាពតភ្ជាប់របស់វាគ្រប់ជ្រុងជ្រោយគឺគ្រាន់តែជាការឃោសនាឆបោកតែប៉ុណ្ណោះ»៕AKP
Post a Comment