បន្ទប់សង្គ្រោះបន្ទាន់​នៅ​ក្រុង​សៀង​ហៃ​ពេញ​ហៀរ ខណៈ​អ្នកជំនាញ​និយាយថា អាចមាន​អ្នកស្លាប់​មួយ​លាន​នាក់

 នៅ​មន្ទីរពេទ្យ​មួយកន្លែង​នៅ​ជាយក្រុង​សៀង​ហៃ អ្នកជំងឺ​នៅលើ​គ្រែ​ត្រូវ​បានដាក់​តម្រៀបជួរ​តាម​ច្រករបៀង​នៅ​កន្លែង​ព្យាបាល​សង្គ្រោះបន្ទាន់ និង​នៅ​កន្លែង​រងចាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ភាគច្រើន​នៃ​អ្នកជំងឺ​ជា​មនុស្ស​ចាស់ជរា ហើយ​អ្នកជំងឺ​មួយចំនួន​ដកដង្ហើម​ដោយមាន​ជំនួយ​អុកស៊ីហ្សែន​។

សេចក្តីជូនដំណឹង​នៅលើ​ក្តារ​ប្រកាស​មួយបាន​ណែនាំ​ថា​ អ្នកជំងឺ​នឹងត្រូវ​រង់ចាំ​ជា​មធ្យម ៥ម៉ោង​ដើម្បី​ទទួលបាន​ការពិនិត្យ​។ នេះ​បាន​ក្លាយជា​ទិដ្ឋភាព​ទូទៅ​មួយ​នៅ​ទូទាំង​មន្ទីរពេទ្យ​របស់​ប្រទេស​ចិន ដែល​បន្ទប់សង្គ្រោះបន្ទាន់​បាន​ពេញ​ហៀរ​រហូតដល់​ក្រៅ ហើយ​អ្នកជំងឺ​កំពុង​តម្រង់​ជួរ​ជាច្រើន​ម៉ោង​ដើម្បី​ទទួល​ការព្យាបាល​។ នាយក​ផ្នែក​សង្គ្រោះបន្ទាន់​អង្គការ​សុខភាព​ពិភពលោកលោក Mike Ryan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​ករណី​នៅ​ប្រទេស​ចិន​បានបង្ហាញ​ចំនួន​តិច​បំផុត​នៃ​អ្នកជំងឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ អ្នកជំងឺ​នៅក្នុង​ផ្នែក​សង្គ្រោះបន្ទាន់ និង​ចំនួន​អ្នកស្លាប់​។ ប្រទេស​ចិន​បាន​ការពារ​វិធានការ​ដោះស្រាយ​ជំងឺ COVID-19 របស់ខ្លួន និង​បាន​និយាយថា ស្ថានភាព​ជំងឺ​រាតត្បាត​របស់​ប្រទេស​នេះ​គឺអាច​គ្រប់គ្រង​បាន​។​

​មន្ត្រី​សុខាភិបាល​ប្រទេស​ចិនបាន​និយាយថា មានតែ​អ្នកស្លាប់​ដោយសារតែ​ជំងឺ​រលាក​សួត និង​ជំងឺ​ផ្លូវដង្ហើម​សម្រាប់​អ្នកជំងឺ​ដែលមាន​វីរុស​នេះ​ប៉ុណ្ណោះ ខណៈ​ការកំណត់​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) និយាយថា «​តិចពេក​»​។ លោក Benjamin Cowling អ្នកឯកទេស​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ​ក្រុង​ហុងកុងបាន​និយាយថា ការព្យាករណ៍ដោយ​អ្នកជំនាញ​ជំងឺ​អន្តរជាតិ​នៃ​អ្នកស្លាប់ទាក់ទង​នឹង​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ចិន​មាន​យ៉ាងហោចណាស់ ១លាន​នាក់​ក្នុងឆ្នាំនេះ​គឺអាច​កើតមានឡើង​បាន ហើយ​ការស្លាប់​អាច​ត្រូវបាន​បញ្ចៀស​ប្រសិនបើ​មានការ​ត្រៀម​រៀបចំ​បាន​ប្រសើរ​។​ ​លោក Cowling និយាយថា កម្រិត​ខ្ពស់បំផុត​នៃ​ជំងឺ COVID-19 អាច​នឹង​ឆ្លងកាត់​ផុតនៅក្នុង​ទីក្រុង​ធំៗរបស់​ប្រទេស​ចិន ប៉ុន្តែ​មានការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដែល​អាច​កើតមាន​នៅក្នុង​តំបន់​ជនបទ នៅពេលដែល​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​និ​ទាឃ​រដូវ​ឈានចូល​នៅ​ចុងខែ​នេះ​៕

Powered by Blogger.