សម្តេចតេជោ ថ្នាក់ដឹកនាំ និងសមាជិកបក្សប្រជាជនជាង ២ម៉ឺននាក់ ជួបជុំអបអរសាទរខួប៤៤ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា, ថ្ងៃពលរដ្ឋកម្ពុជា រួចផុតពីរណ្តៅមរណៈ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាសរុបជាង ២ម៉ឺននាក់ នឹងជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ក្រោមការដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការបង្ហាញស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើននាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឲ្យកម្ពុជាធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្រ្គាម ជាបន្តបន្ទាប់ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនាខ្លោចផ្សាជាទីបំផុត។ ប្រជាជន ដែលនឿយណាយនិងសង្រ្គាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញរបបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញរំពឹងថា ការរំដោះយកប្រទេសពីសេនាប្រមុខ លន់ នល់ ដោយក្រុមខ្មែរក្រហម នឹងធ្វើឲ្យសង្រ្គាមត្រូវចប់ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្តីរំពឹងត្រូវបានរលាយសាបសូន្យក្រោយពេលរបបថ្មីបានដាក់ចេញគោលនយោបាយ បណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឲ្យទៅរស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានាស្ថិតនៅស្រុកស្រែចម្ការ។
ប្រជាពលរដ្ឋត្រូវបានដាក់ឲ្យរស់នៅ និងធ្វើការជាក្រុមជាសហករនៅតាមទីជនបទ និងបង្ខំឲ្យស៊ីរួមដេករួម ព្រមទាំងបង្ខំឲ្យធ្វើការងារហួសកម្លាំងពន់ពេកប្រមាណ ហូបចុកមិនគ្រប់ទីបំផុតប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់ត្រូវបានស្លាប់ ដែលក្នុងនោះមួយចំនួនធំ ត្រូវបានសម្លាប់ក្រោមការចោទប្រកាន់ថាជាជនក្បត់អង្គការ។
ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបអាវខ្មៅត្រូវបានបិទបញ្ចប់ បន្ទាប់ពីកម្លាំងអ្នកស្នេហាជាតិ កម្លាំងតស៊ូរបស់យុទ្ធជនក្លាហានកម្ពុជា រួប រួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បើកការវាយផ្តួល និងដណ្តើមប្រទេសចេញពីកណ្តាប់ដៃរបស់ ប៉ុល ពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ផ្តើមចេញពីជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជា មានឱកាសរើបម្រាស់ និងឈានជើងជាបន្តបន្ទាប់រហូតផ្តើមមានកិច្ចចរចាស្វែងរកសន្តិភាពរវាងសម្តេចព្រះមុខរដ្ឋ នរោត្តម សីហនុ និងបុរសរដ្ឋសម្តេចតេជោ ហ៊ុន សែន។ តាមរយៈការចរចាក្រោមការជួយជ្រោមជ្រែងពីប្រទេសឥណ្ឌូននេស៊ី និងប្រទេសបារាំងផងនោះ កិច្ចព្រមព្រៀងសន្តិភាពមួយរវាងខ្មែរគ្រប់ជម្លោះ (រដ្ឋាភិបាលរដ្ឋកម្ពុជា និង ចលនាកងទ័ពក្នុងព្រៃជាយដែនត្រីភាគី) ត្រូវបានសម្រេចចេញជារូបរៀង ២៣ តុលា ១៩៩១។
កិច្ចព្រមព្រៀងសន្តិភាពនេះ បានបើកផ្លូវឲ្យកម្ពុជាបង្កើតបានជាថ្មីនូវព្រះរាជាណាចក្រកម្ពុជា និងយាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ឲ្យមកគង់ប្រថាប់ក្នុងប្រទេសកម្ពុជាជាថ្មី។ បើទោះបីកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងវត្តមានកងទ័ពអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីសម្របសម្រួលបញ្ចប់សន្តិភាពដោយចំណាងលុយជាង ២ពាន់លានដុល្លារ តែសង្រ្គាមតាមទល់ដែនមិនអាចបញ្ចប់ទាំងស្រុងនោះឡើយ ព្រោះតែកងទ័ពខ្មែរក្រហម ដែលសេសសល់នៅតាមទល់ដែនថៃក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន មិនព្រមគោរពនូវកិច្ចព្រមព្រៀងនេះឡើយ ហើយតែងបង្កឲ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់។
ទីបំផុតតាមរយៈនយោបាយឈ្នះឈ្នះ របស់បុរសខ្លាំងតេជោ សែន បានយកជីវិតជាដើមទុនប្រថុយចូលជំរុំគូប្រយុទ្ធចរចាជាមួយមេដឹកនាំខ្មែរក្រហមក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចរចាយកកងទ័ពខ្មែរក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងបានបិទបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ក្រោយបិទបញ្ចប់សង្គ្រាមទាំងស្រុងនេះ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសយ៉ាងពេញលេញ ហើយធ្វើឱ្យភាពរីកចម្រើនបានលូតលាស់ជាបន្តបន្ទាប់ផងដែរ។ បច្ចុប្បន្នក្រោមម្លប់សន្តិភាពកម្ពុជា ទទួលបានទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើន។ មុនពេលការរាតត្បាតជំងឺកូវីដ១៩ កម្ពុជារក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។ បន្ថែមពីលើនោះសមិទ្ធផលជាតិជាច្រើនត្រូវរំលេចឡើងប្រកបដោយភាពរីករាយ និងមោទនភាព។
៤៤ក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុល ពត, កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ កម្ពុជាបានប្រែក្លាយពីប្រទេសមានប្រជាពលរដ្ឋត្រឹម ៥លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជា ១៦លាននាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចជាង ២៤ពាន់លានដុល្លារ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មានស្គាល់ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នកអាចរកចំណូលប្រចាំឆ្នាំជាង ១៥០០ដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានការដោះដូរពាណិជ្ជកម្ម ក្លាយជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លានដុល្លារ ជាមួយការនាំចេញជាង ១២ពាន់លានដុល្លារ, ប្រទេសគ្មានការវិនិយោគពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគពីខាងក្រៅប្រមាណ ៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧, កម្ពុជា ដែលធ្លាប់តែគ្មានធនធានមនុស្ស បានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន ហើយកំពុងបន្តធ្វើការងារលើការបណ្តុះបណ្តាលយ៉ាងសកម្ម, កម្ពុជា ដែលធ្លាប់គ្មានកន្លែងព្យាបាល ក្លាយជាប្រទេសកំពុងមានភាពប្រសើរឡើងលើវិស័យសុខាភិបាល, កម្ពុជា ដែលធ្លាប់គ្មានអ្នកទេសចរ ក្លាយជាប្រទេសស្វាគមន៍អ្នកទេសចរជាង ៦លាននាក់ក្នុងមួយឆ្នាំ។
កម្ពុជាបានរើខ្លួនចេញពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា ដែលធ្លាប់តែជាប្រទេសឯកោ ក្លាយជាប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក មានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ៕
Post a Comment