មានការផ្លាស់ប្តូរអំណាច ខណៈប្រធានាធិបតីវៀតណាម លាលែងពីតំណែង

 ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក(Nguyen Xuan Phuc) បានប្រកាសថា លោក លាលែង​ចេញពីតំណែង ដែលបង្ក​ឱ្យ​មាន​ការ​ផ្លាស់ប្តូ​រ​អំណាច​ដ៏​មាន​សក្តានុពល​ក្នុង​ចំណោម​មេ​ដឹកនាំ​ប្រទេស​ដែលគ្រប់គ្រងដោយរបបកុម្មុយនិស្តមួយនេះ។

ការ​ផ្លាស់ប្តូរនេះត្រូវបានគេនិយាយយ៉ាងទូលំទូលាយ និងបន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ឧប​នាយក​រដ្ឋ មន្ត្រីចំនួនពីររូប ដែលបានបម្រើការនៅក្រោមការគ្រប់គ្រងរបស់លោក។ លោក Phuc ជា​អតីត​នាយករដ្ឋមន្ត្រី បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ ២០២១។ ដំណឹង​ថា​លោក​លា​លែង​ពី​តំណែង​កើត​មានឡើងក្នុងអំឡុងពេល នៃការជំរុញការប្រឆាំងអំពើពុករលួយ ដឹកនាំ​ដោយ​ក្រុម​អ្នក​គាំទ្រដ៏រឹងរុះ ខណៈសមាជិកបក្សកុម្មុយនិស្តរាប់រយនាក់កំពុងត្រូវបានស៊ើបអង្កេត។

ការ​លាលែងពីតំណែងរបស់លោកប្រធានាធិបតី តម្រូវ​ឱ្យ​មាន​ការ​អនុម័ត​ពី​រដ្ឋសភា​ដែល​នឹង​រៀបចំ​ការ​បោះឆ្នោត​វិសាមញ្ញនៅថ្ងៃពុធនេះ ហើយ​ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈជាផ្លូវការ។ ការ​បញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋផ្លូវការរបស់វៀតណាមនិយាយថា លោក​ប្រធានាធិបតី​កំពុង​លាលែង​ពី​តំណែង បន្ទាប់ពីមានការរំពឹងទុកជាច្រើនសប្តាហ៍ថា លោក​នឹ​ង​ចាក​ចេញ​ពី​តំណែង​នេះ។ សេចក្តីថ្លែងការណ៍របស់គណបក្សមួយ បានកោតសរសើរការដឹកនាំរបស់លោក Phuc ប៉ុន្តែ​បាននិ​យាយថា លោកមានទំនួលខុសត្រូវផ្នែកនយោបាយ ចំពោះការរំលោភបំពាន និង​ការ​ប្រព្រឹត្ត​ខុសរ​បស់មន្ត្រីជាច្រើនរូបនៅក្រោមការគ្រប់គ្រងរបស់លោក រួម​មាន​ទាំង​ឧប​នាយករដ្ឋ​មន្ត្រី​ពីរ​រូប​ដែលបានលាលែងពីតំណែងកាលពីដើមខែនេះ ហើយរដ្ឋមន្ត្រីពីររូប និង​មន្ត្រី​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។ សេចក្តីថ្លែងការណ៍បាននិយាយថា ខណៈ​លោក​ដឹង​យ៉ាង​ច្បាស់​អំពី​ទំនួលខុសត្រូវរបស់លោកចំពោះបក្ស និងប្រជាជន លោក Phuc បាន​ដាក់​សំណើ​សុំលាលែងពីតំណែងរបស់លោក និងចូលនិវត្តន៍។ អគ្គលេខាធិការបក្សដ៏រឹងរូស លោក​ ង្វៀន ភូត្រុង(Nguyen Phu Trong) ដែលត្រូវបានផ្តល់អាណត្តិទី ៣ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​សមាជបក្សកាលពីឆ្នាំមុន ទំនង​ជា​កំពុង​ពង្រឹង​អំណាច​របស់​លោក​ដោយ​ការ​​បណ្តេញ​មន្ត្រី​ជាន់ខ្ពស់ដែលគេមើលឃើញថា ជាអ្នកគាំទ្រលោកខាងលិច និង​គាំទ្រ​វិស័យ​ពាណិជ្ជកម្ម​។

Powered by Blogger.