ឯក​​ឧត្តមស​​​ សុខាប្រតិកម្មរឿង​បុរ​សជួយលើក​ម៉ូតូជនរ​​​ងគ្រោះក្នុងក​រ​ណីគ្រោះថ្នាក់ច​រា​ច​រណ៍លើស្ពាន​ជ្រោយ​ចង្វារ

ភ្នំពេញ៖ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួនប្រតិកម្មទៅនឹងរឿងបុរសម្នាក់ដែលបានជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីពេលថ្មីៗនេះ ដែលបាននិងកំពុងក្លាយជាប្រធានបទសម្រាប់អ្នកលេងបណ្តាញផ្សព្វផ្សាយសង្គម យកមកវិភាគវែកញែកយ៉ាងកក្រើក។ឯកឧត្តម ស សុខា ប្រតិកម្មដូច្នេះថា៖ មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។តាមការកត់សម្គាល់ខ្ញុំ ឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Live ផ្ទាល់ ច្រើនជាងការគាំទ្រ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំក៏សូមបញ្ចេញមតិខ្លះៗដែរ។ ទី១. យើងថា បងប្រុសដែលឃើញម៉ូតូដួល ហើយគាត់ស្ទុះទៅជួយលើកខុសក៏អាចថាបាន។ តែយើងគួរគិតឬរកឱ្យឃើញជាមុនថា តើគាត់មានចេតនាបែបណា? ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលគាត់ស្ទុះទៅលើកនោះក្នុងស្ថានភាពដូចម្ដេចនិងកាយវិការរបស់គាត់មានទម្រង់ប្រឆាំងនឹងសមត្ថកិច្ចជំនាញឬយ៉ាងណា? តាមខ្ញុំយល់ពេលដែលគាត់កំពុងបើកម៉ូតូឌុបប្រពន្ធបីកូនតូចនៅនឹងដៃ អារម្មណ៍គាត់អាចត្រឹមតែគិតថាអ្នករងគ្រោះបើកដួលខ្លួនឯងដោយយថាហេតុណាមួយ ដោយគាត់ខ្លាចឡាននិងម៉ូតូផ្សេងៗមកបុកបន្ថែមពីលើជាដើម។ខ្ញុំថាបើយើងបន្ទោសឬដាក់កំហុសលើគាត់ ហាក់ដូចជាយើងនាំគ្នាបំផុសឬលើកទឹកចិត្តឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នាទៅវិញ។ ជារួម ក្នុងស្ថានភាពនោះបើសិនជាយើងវិញ យើងក្ដី មហាជនក្ដី គិត ឬមើលឃើញថាជាករណីដួលដោយខ្លួនឯង ដែលគួរចុះជួយជាដើម។ 

ទី២. ជាការពិតរឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ដែលត្រូវវាស់វែងគូសគំនូសសម្គាល់ទីតាំងយានបង្កនិងយានរងគ្រោះ ដើម្បីកំណត់ថាភាគីណាខុសភាគីណាត្រូវ។ ប៉ុន្តែយើងក៏ដាក់ជាសំណួរដែរថា តើពេលនោះបងប្រុសដែលលើកម៉ូតូនោះបានឃើញវត្តមាននគរបាលចរាចរណ៍ដែរទេ? ដូចខ្ញុំលើកឡើងខាងលើប្រហែលជាពេលនោះគាត់មិនបានឃើញនគរបាលចរាចរណ៍មានវត្តមាននៅទីនោះ និងឃើញសភាពធម្មតា ដែលគាត់មិនអាចបើកហួស ឬឃើញស្លាប់មិនជួយនោះទេ។ តែខ្ញុំមិនសន្មតថា ពេលនោះគ្មានវត្តមាននគរបាលចរាចរណ៍នោះឡើយ។ ដូច្នេះ ការដែលពុំបានដឹង ពុំបានឃើញ ហើយមានបំណងយកអាសាគ្នា ខ្ញុំថា ជារឿងល្អទៅវិញ។ ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានធម្យោបាយច្រើនទៀតដែលអាចប្រមូល និងបង្ហាញភស្ដុតាងបាន ដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន, ស្លាកស្នាមនៅកន្លែងកើតហេតុ, ចម្លើយរបស់ភាគី, អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ…សុទ្ធតែអាចយកធ្វើជាមូលដ្ឋានបាន។ទី៣. ចំពោះអ្នក Live ផ្ទាល់វិញ ជាការយល់តិចតួចរបស់ខ្ញុំ យើងគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់។ ពោលគឺ ផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។ ក្នុងនោះ ក្នុងនាមអ្នកសារព័ត៌មាន មានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឱ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួនឃើញពិត, សម្ភាសភាគីទាំងសងខាង, សម្ភាសអ្នកឃើញហេតុការណ៍,សម្ភាសសមត្ថកិច្ច,សម្ភាសបងប្រុសដែលស្ទុះទៅលើកម៉ូតូដួលនោះ…។ ម្យ៉ាងវិញទៀត បើយើងចង់ផ្ញើសារជូនមហាជនថា ការលើកយានករណីបែបនេះ បណ្ដាលឱ្យប៉ះពាល់ដល់ជំនាញ ឬបាត់ដានក្នុងការរកអ្នកខុសអ្នកត្រូវ គប្បីបង្វែរសំណួរទៅសួរសមត្ថកិច្ចជំនាញដែលមានវត្តមាននៅទីនោះឱ្យលោកពន្យល់វិញ។ ចៀសវាងយើងនៅតែតាមថត តាមលើកហេតុផល តាមពន្យល់បងប្រុសអ្នកលើកម៉ូតូឥតឈប់ ក្នុងខណៈពេលគាត់បានលើកដៃសូមទោសនិងបញ្ជាក់ពីចេតនាសុចរិតរបស់គាត់ម្ដងហើយម្ដងទៀត។ ទី៤. សរុបសេចក្ដីទៅ គួរលើកកម្ពស់ ឬបំផុសវប្បធម៌ជួយគ្នា។ ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយគ្នាសូមទោស គួរកុំដេញដោលបន្ត។ តាមខ្ញុំមើលវីដេអូ ខ្ញុំឃើញគាត់លើកដៃសុំទោស៤-១០ដង និងដោយចិត្តស្មោះ។ អ៊ីចឹង រឿងហួសហើយ ឱ្យវាហួសទៅ តើឱ្យបកក្រោយយ៉ាងម៉ិចនឹងកើត។ មែនទែនទៅ ខ្ញុំមិនកាត់សេចក្ដីអីទេ តែតាមវីដេអូ ភាគីខាងអ្នក Live ទៅវិញទេ ដែលសង្ខើញនិងតឹងសរសៃក។ចំណែកខាងបងប្រុសលើកម៉ូតូគាត់ព្យាយាមពន្យល់អំពីចេតនាសុចរិតរបស់គាត់ដោយសម្ដីសម្ដៅនិងកាយសមទំនង។ ចំពោះសមត្ថកិច្ចជំនាញ ករណីទទួលព័ត៌មានគួរស្រូតចុះសម្របសម្រួលអន្តរាគមន៍កន្លែងកើតហេតុធ្វើការតាមជំនាញឱ្យលឿនតាមដែលអាចធ្វើបាន ហើយបើអាចធ្វើបានទៀតនោះ គួរការពារឬហ៊ុំព័ទ្ធកន្លែងកើតហេតុជាដើម។ ក្នុងនាមអ្នកសារព័ត៌មានគប្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ កុំឱ្យហួសដែនសមត្ថកិច្ច។ ខ្ញុំគាំទ្រចំពោះការជួយយកអាសាគ្នា តែដើម្បីការពារខ្លួន សូមបងប្អូនពិនិត្យតាមសភាពជាក់ស្ដែង ចៀសវាសធ្វើគុណបានទោស។ យើងគប្បីឈ្វេងយល់ពីគ្នា និងឈានទៅយោគយល់គ្នាតាមរយៈហេតុផល កុំចង់ចាញ់ចង់ឈ្នះគ្នា ឬធ្វើដើម្បីផលប្រយោជន៍ណាមួយ។ ទោះយ៉ាងណា យើងត្រូវរួមគ្នាផ្សព្វផ្សាយវប្បធម៌ជួយគ្នា។គួរបញ្ជាក់ថា បន្ទាប់ពីឯកឧត្តម ស សុខា បានបង្ហោះសារប្រតិកម្មករណីខាងលើនេះ យើងឃើញថា ខ្លឹមសារនេះទទួលបានសាទរនិងគាំទ្រពីអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់គួរឲ្យកក់សម្គាល់ផងដែរ៕អត្ថបទ ៖ សេង បូលីន

ប្រភព ៖ ផេក Sar Sokha






Powered by Blogger.