ប្រមុខក្រសួងម​ហាផ្ទៃប្ដេជ្ញាបន្តជំរុញការកែ​ទម្រង់គ្រប់ផ្នែកដើម្បីកសាងកងកម្លាំងនគរបា​លជាតិមួយ​ដែលប្រជា​ពលរដ្ឋទុកចិត្ត

ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្តេជ្ញាយកចិត្តទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយ ដែលប្រជាពលរដ្ឋជឿទុកចិត្តមានលទ្ធភាព សមត្ថភាព បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។ក្នុងឱកាស​ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានក្បួនព្យុហយាត្រាបង្ហាញផែននីមួយៗ របស់កម្លាំងនគរបាលជាតិផងដែរ។នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ក្នុងកងកម្លាំងនគរបាលជាតិ ក៏ត្រូវបានអនុវត្តប្រកបដោយភាពស្វាហាប់ ស៊ីជម្រៅដោយផ្តោតលើ ការកែសម្រួលរចនាសម្ព័ន្ធ ការវិភាគមុខងារ ការពង្រឹងសមត្ថភាពកងកម្លាំង ការអនុវត្តយ៉ាងម៉ឺងម៉ាត់អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងន័យសំដៅកសាងកងកម្លាំងនគរបាលជាតិមួយ ដែលស្អាត ស្អំ រឹងមាំ ប្រកបដោយវិជ្ជាជីវៈ គួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិសន្តិបណ្ឌិតបន្ដថា ការកែសម្រួលរបៀប របបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល តាមទម្រង់នគរបាលសហគមន៍ គឺត្រូវបានអនុវត្ត​ ដែលជាការតម្រង់ទិសអោយ មន្ត្រីនគរបាល បំពាក់ទស្សនៈមហាជនបន្ថែម ចុះជាប់កៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បី ស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សហគមន៍។ តាមរយៈកិច្ចការងារនេះ គឺបានធ្វើឱ្យកងកម្លាំងនគរបាលជាតិ កាន់តែមានតួនាទីយ៉ាងសំខាន់ ស័ក្តិសមជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងខឿនសន្តិសុខជាតិមាតុភូមិ និងលើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមដែលជាបុព្វបទស្នូលយ៉ាងសំខាន់មិនអាចខ្វះបានបម្រើឱ្យការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ឯកឧត្តម អភិសន្តិបណ្ឌិត​ មានប្រសាសន៍ថា «ក្នុងនាមក្រសួងមហាផ្ទៃ ជាក្រសួងអាណាព្យាបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាយកចិត្ត ទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិ មួយដែលប្រជាពលរដ្ឋ ជឿទុកចិត្ត មានលទ្ធភាព សមត្ថភាពបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់​ និងមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ»។​ «ក្នុងនាមនគរបាលជាតិកម្ពុជា យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមថែរក្សា និងការពារឱ្យបាននូវសុខ សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងការពាររាជរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីកម្ពុជា បន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»៕

ដោយ៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ

Powered by Blogger.