សម្តេចធិ​បតី​៖កម្ពុជាបានប្រែក្លាយពី​សង្គមមួយឆ្លងកា​​ត់សង្រ្គាមនិង​ជាប្រទេសឯកោម​ករីក​ចម្រើនគ្រប់វិស័​យ

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថាកម្ពុជាបានប្រែក្លាយពីសង្គមមួយដែលមានបញ្ហាច្រើន ជាពិសេសឆ្លងកាត់សង្រ្គាមនិងអសន្តិសុខសង្គមពីមុន និងជាប្រទេសឯកោបំផុត។ប៉ុន្តែពេលនេះកម្ពុជាបានក្លាយជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យនិងបន្តឆ្ពោះទៅកាន់ភាពរុងរឿងកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។

សម្ដេចបវរធិបតី បានថ្លែងថា ផ្អែកលើវឌ្ឍនភាពសង្គម កម្ពុជាយើង ទាមទារឱ្យនគរបាលជាតិត្រូវពង្រឹងសមត្ថភាពជាប់ជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឱ្យស្របទៅតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើង។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រែប្រួលនៃការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក គឺទាមទារឱ្យកងកម្លាំងនគរបាលជាតិត្រូវត្រៀមខ្លួនជានិច្ចនិងខិតខំរៀបចំលិខិតបទដ្ឋាន និងគោលនយោបាយនានា ដើម្បីទបស្កាត់បទល្មើសនានាទាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនៅមូលដ្ឋានដូចជាករណីក្មេងទំនើងជាដើម។សូមជម្រាបជូនថានគរបាលជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ឧសភា១៩៤៥ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។នគរបាលជាតិកម្ពុជា បានវិវត្តឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញនៃរបត់សង្គម និងបានបន្សល់ទុកនូវកេរតំណែល វីរភាព ការលះបង់ និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ក្នុងពហុវិស័យ ជាពិសេស ក្នុងវិស័យសន្តិសុខជាតិ និងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ៕ប្រភពSTPM

Powered by Blogger.