វៀតណាមបានស្នើឱ្យកម្ពុជានិងឡាវបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានិងឡាវ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមVNAដែលដកស្រង់ចេញផ្សាយតាមរយៈវិទ្យុបារាំង។
 |
|
សំណើនេះបានធ្វើឡើងនៅក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលវៀតណាម កម្ពុជា និងឡាវនាថ្ងៃទី២៦ ឧសភា។សម្រាប់រដ្ឋាភិបាលវៀតណាម សុខទុក្ខរបស់ពលរដ្ឋខ្លួនអាចជះឥទ្ធិពលដល់ទំនាក់ទំនងត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម។នៅក្នុងជំនួបត្រីភាគីក្រៅផ្លូវការនាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញបានថ្លែងអរគុណរដ្ឋាភិបាលកម្ពុជានិងឡាវចំពោះការយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមនាពេលកន្លងមក។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA នៅថ្ងៃទី២៦ ឧសភា។ ទន្ទឹមគ្នានេះ លោក ផាម មិញជិញ ក៏បានស្នើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងប្រមុខរដ្ឋាភិបាលឡាវ លោក សនសៃ ស៊ីផាន់ដន ឱ្យបន្តផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជានិងឡាវដើមកំណើតវៀតណាមដែលកំពុងរស់នៅ និងធ្វើសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា និងឡាវ។សម្រាប់រដ្ឋាភិបាលវៀតណាមសុខទុក្ខរបស់ពលរដ្ឋវៀតណាមមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍប្រទេសឡាវនិងកម្ពុជាប៉ុណ្ណោះទេតែវាក៏អាចជះឥទ្ធិពលដល់ទំនាក់ទំនងត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាមផងដែរ។ គួរកត់សម្គាល់ថាសំណើរបស់វៀតណាមដែលសុំឲ្យមានការមើលថែពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជាគឺតែងតែកើតមានឡើងនៅរៀងរាល់ជំនួបជាមួយមេដឹកនាំកំពូលៗ។តែគេក៏មិនត្រូវភ្លេចនិយាយទេថានៅកម្ពុជា បញ្ហាជនអន្តោប្រវេសន៍វៀតណាមគឺជាបញ្ហារសើបរវាងរដ្ឋាភិបាល អ្នកនយោបាយសកម្មជនប្រឆាំង និងអ្នកជាតិនិយម ឬអ្នកជាតិនិយមជ្រុល ក្រោមហេតុផលបារម្ភពីបញ្ហាបូរណភាពនិងអធិបតេយ្យភាពទឹកដី។ក៏ប៉ុន្តែជានិច្ចកាល ក្តីបារម្ភនេះត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធច្រានចោលដោយធានាថា កម្ពុជា តាមរយៈគណបក្សប្រជាជនតែងការពារចំណងការទូត ការដឹងគុណ និងការគោរព សាមគ្គីភាពជាមួយប្រទេសជិតខាង។ គួរកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងបញ្ចូនពលរដ្ឋវៀតណាមប្រមាណជិត១ពាន់នាក់ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ។ ជនជាតិវៀតណាមមួយចំនួនដែលរស់នៅលើទឹកដីកម្ពុជា គឺមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញខុសច្បាប់។ ថ្មីៗនេះ មានជនជាតិវៀតណាមចំនួន១៧៧នាក់ត្រូវបានអាជ្ញាធរខ្មែរចាប់បញ្ចូនទៅឱ្យអាជ្ញាធរវៀតណាម ក្រោយពួកគេរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ និងធ្វើការក្នុងទីតាំងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណីតក្នុងប្រទេសកម្ពុជា។ នេះបើផ្អែកតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam Plus៕RFI
Post a Comment