សម្ដេចធិបតី៖​ការបង្កើតការងារគឺជា​អាទិភាពធំមួយរបស់​រាជរដ្ឋាភិបាលដើម្បីជាប្រយោ​ជន៍ប្រជាជនខ្មែរ

ការបង្កើតការងារគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យដល់ស្រុកក្រុងទូទាំងប្រទេស។នេះបើតាមការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាស្ថិតក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥នេះ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថារាជរដ្ឋាភិបាលគិតគូរតាំងពីការបង្កើតការងាររហូតដល់បៀវត្សនិងសុខុមាលភាពជូនកម្មករនិងពលរដ្ឋទូទៅដើម្បីជាប្រយោជន៍កាន់តែប្រសើរសម្រាប់ពង្រឹងកំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«ការបង្កើតការងារគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាល ក្នុងអាទិភាព កំណើន ការងារ ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈ ការង្កើតលទ្ធភាពការងារឱ្យបានច្រើន ព្រោះកំណើនគិតជាភាគរយវាមាន កំណើនគឺថា កន្លែងខ្លះមិនចាំបាច់មានការងារទេ បើសេវាកម្ម ឬមួយកន្លែងខ្លះ គឺគេរុញទៅលើខាងរ៉ូបូត ខាងអីច្រើន គឺថាជំនួសមនុស្សច្រើន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ដោយឡែកកម្ពុជាការងារដែលយើងជំរុញចូលគឺប្រភេទការងារច្រើនណាស់ ផ្ដល់កម្លាំងពលកម្មដល់ប្រជាពលរដ្ឋរបស់យើង បរិមាណកាន់តែច្រើន ពង្រីកតាមរាជធានីខេត្តដែលយើងអាចរុញទៅបាន ស្រុកក្រុងមួយចំនួនតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងលើកទឹកចិត្តដល់វិនិយោគិនទៅទីនោះ មិនត្រឹមតែបរិមាណទេ គុណភាពបៀវត្ស ការងារដែលផ្ដល់បៀវត្សកាន់តែប្រសើរ ផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ក្រៅពីបៀវត្សកាន់តែប្រសើរ គិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ របស់ពលករ របស់កម្មករ កម្មការិនី ពង្រឹងការអនុវត្តច្បាប់ការងារ នេះហើយជាគោលដៅដែលយើងប្រារព្ធច្បាប់ការងារតាំងពី៧៩»។គួរឲ្យដឹងដែរថាបច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុបាននិងកំពុងអភិវឌ្ឍពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់និងសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែសរុបមានចំនួនជាង១លាន TEUs នៅក្នុងឆ្នាំ២០២៤ កើនឡើង ២៩,៣៨% និងចំណូលអាជីវកម្ម សរុបប្រមាណជាង ១២០លានដុល្លារអាម៉េរិក កើនឡើង ២៦,៦៣% បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១ ៥៦៦គ្រឿង កើនឡើង ៣,៩៨% ប៉ុន្តែចំណុះផ្ទុកនាវា មានរហូតដល់ប្រមាណជាង ២០លានតោន ដែលមានកំណើន ៥,៧៩%។សូមជម្រាបជូនថាទិវាពលកម្មអន្តរជាតិ១ ឧសភាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិដែលបានចាប់ផ្ដើមនៅឆ្នាំ១៨៨៦ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខណ្ឌការងារនិងជីវភាពរស់នៅរបស់ប្រជាពលករគិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល១៣៩ឆ្នាំដែលពិភពលោកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ។ សម្រាប់កម្ពុជាវិញយើងបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភាជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៧៩និងបានកំណត់ជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងអស់ដូចគ្នា ។ រាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងអាណត្តិទី៧នេះ តែងតែបានណែនាំដល់ស្ថាប័នជំនាញឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករគ្រប់ៗរូប ស្របតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គមច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា។ជាពិសេសបានបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករកម្មការិនី និងយុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ៕ប្រភពSTPM


Powered by Blogger.