សម្ដេចតេ​ជោហ៊ុនសែនអញ្ជើញដង្ហែព្រះមហា​ក្សត្រយាងក្នុងព្រះរាជ​ពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២​៥នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង។ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥បានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ 

ព្រះរាជពិធីនេះក៏មានការយាងនឹងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា ,ព្រះរាជវង្សានុវង្ស, មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជាព្រមទាំងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ជាលទ្ធផល នៃការផ្សងរបស់គោឧសភរាជបានក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើនៅថ្ងៃទ១៥ ខែឧសភា ឆ្នាំ២០២៥ នេះ បានបង្ហាញថា ស្រូវ ពោត និងសណ្តែក នៅក្នុងឆ្នាំនេះទទួលបានទិន្នផលខ្ពស់។ក្រោយពេលការភ្ជួរ និងព្រោះគ្រាប់ស្រូវអស់រយៈពេល៣ ជុំរួចហើយ ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិតបានធ្វើពិធីសូត្រមន្តប្រោះព្រំទឹកលើ«គោឧសភរាជ» និងយកគោឧសភរាជឱ្យទៅបរិភោគគ្រាប់ធញ្ញជាតិ ទឹក និងស្រា ដែលមានទាំងអស់ ៧មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេច។ បន្ទាប់ពីគោឧសភរាជបានបរិភោគរួច ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិតបាននាំយកលទ្ធផលពីការបរិភោគរបស់គោឧសភរាជថ្វាយជូនព្រះមហាក្សត្រ។ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បានថ្លែងថា៖ «ខ្ញុំព្រះករុណាសូមថ្វាយនិងជម្រាបជូនពីលទ្ធផលដែលបានមកពីការផ្សងគោឧសភរាជបរិភោគនូវអាហារទាំង ៧ មុខ ទៅតាមបរមបុរាណ ហើយដែលគោឧសភរាជបានបរិភោគ ដែលក្នុងនោះលទ្ធផលគឺ ស្រូវបានចំនួន៩៥ភាគរយ ពោធ៩៥ភាគរយ ខណៈ និងសណ្តែក៨០ភាគរយ។ ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិតបានថ្លែងបន្តថា នេះជាការផ្សងប្រផ្នូលតាមទំនៀមទម្លាប់ព្រះរាជបវេណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លដែលមានតាំងពីបុរាណកាលមក ក៏ដូចជាការប្រកាសថា «រដូវវប្បមង្គល» បានចូលមកដល់ហើយ។សូមរំលឹកថា«ព្រះរាជពិធីច្រត់ព្រះនង្គ័ល»គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា។ ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម។ព្រះរាជពិធីច្រត់ព្រះនង្គ័លគឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ "គោឧសភរាជ"។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕ប្រភពSHS




Powered by Blogger.