អតីតឧកញ៉ាប​រិហារមន្ត្រីជាន់ខ្ពស់កម្ពុជាតា​​មបណ្តាញសង្គមត្រូវបា​នបញ្ជូនពី​រុស្ស៊ីមកដ​ល់កម្ពុជាវិញហើយ

តាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជាអតីត​ឧកញ៉ា​លោកហេង សិទ្ធីដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធឥឡូវនេះត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ខែឧសភាវិញហើយ។អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជាបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមកជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជាដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីបានរាយការណ៍ថា​តបតាមការស្នើរបស់ក្រសួងយុត្តិធម៌កម្ពុជា លោក ហេង សិទ្ធីត្រូវបានធ្វើបត្យាប័នឬបញ្ជូនតាមនីតិវិធីឲ្យប្រទេសកម្ពុជាដើម្បីមកប្រឈមនឹងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក ហេង សិទ្ធី បានមកដល់ប្រទេសកម្ពុជាតាមជើងយន្តហោះកាលពីយប់ថ្ងៃទី២៤ ឧសភា។  

លោកហេង សិទ្ធី។រូបភាពបណ្តាញសង្គម
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ប្រាប់វិទ្យុបារាំង RFIនៅថ្ងៃអាទិត្យនេះថាកម្ពុជាតាមរយៈក្រសួងយុត្តិធម៌ដែលជាអាជ្ញាធរកណ្តាលនៅក្នុងនីតិវិធីបត្យាប័ន«ពិតជាបានស្នើសុំធ្វើបត្យាប័ន ឈ្មោះ ហេង សិទ្ធី ពីរុស្ស៊ី ហើយថាការធ្វើបត្យាប័ននេះគឺធ្វើឡើង ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលចេញដោយតុលាការ»។តាមអ្នកនាំពាក្យរូបនេះលោក ហេង សិទ្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ«គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» តាមមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបញ្ជាក់បន្ថែមថា លោក ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយសំណុំរឿងនេះកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលនឹងបន្តចំណាត់ការតាមនីតិវិធីច្បាប់។នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា សំណុំរឿងលោកហេង សិទ្ធីបានក្លាយជាចំណីអារម្មណ៍របស់សហគមន៍អន្តរជាតិ។ លោកថា អាជ្ញាធរកម្ពុជាគួរធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់និងតម្លាភាពទៅលើការចោទប្រកាន់ទាក់ទងនឹង អំពើពុករលួយដែលលោក ហេង សិទ្ធី បានអះអាងកន្លងមក ថាមានការពាក់ព័ន្ធនឹងបុគ្គលជាច្រើន ក្នុងនោះក៏មានមន្ត្រីមួយចំនួនដែរ។ សូមជម្រាបថាចំណាត់ការប្រឆាំងលោក ហេង សិទ្ធីធ្វើឡើងក្រោយពីអតីតឧកញ៉ារូបនេះបានចេញមុខថ្លែងជាសាធារណៈតាមបណ្តាញសង្គមអំពើ​ឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាដែលកំពុងកើតឡើងយ៉ាងគំហុក។ ក្នុងរឿងនេះ អតីតឧកញ៉ា ហេង សិទ្ធី បានចោទ​ប្រកាន់ចំមុខជនជាតិចិន និង អ្នកឧកញ៉ា ហ៊ុន តូ ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ បន្ទាប់មកលោក ហេង សិទ្ធី បានប្តឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដោយចោទថាទទួលសំណូកជាថ្នូរមិនបង្ក្រាបករណីឧក្រិដ្ឋកម្មទាំងនោះ។ តែក្រោយមក​ឧកញ៉ា ហ៊ុន តូ បានចេញលិខិតបដិសេធការចោទប្រកាន់នេះ ខណៈអគ្គស្នងការនគរបាល​ក៏បានចេញ​ដីកា​ក្រហម​សុំការសហការពីអន្តរជាតិ​ដើម្បីតាម​ចាប់​ខ្លួន លោក ហេង សិទ្ធី៕RFI

Powered by Blogger.