សម្ដេចធិ​បតីថ្លែងអំណរគុណដល់អ្នក​សារព័ត៌មានក្នុងការក្តាប់បាន​ជាប់និងផ្តល់ព័ត៌មានសម្រាប់​គោលនយោបាយរា​ជរដ្ឋាភិបាល

ថ្លែងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែតជាមួយអ្នកសារព័ត៌មាន លើកទី៧ឆ្នាំ២០២៥នៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)នាព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងការក្តាប់និងផ្តល់ព័ត៌មានត្រឡប់មកវិញនូវផលប៉ះពាល់ជុំវិញគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក។សម្តេចធិបតីបានកត់សម្គាល់ឃើញថាការដាក់ចេញនូវផែនការគោលនយោបាយ របស់រាជរដ្ឋាភិបាល ទាមទារត្រូវការក្តាប់ជាប់នូវបញ្ហា និងការដាក់ចេញនូវដំណោះស្រាយគឺអាស្រ័យទៅលើការកំណត់មុខព្រួញ នៃបញ្ហាច្បាស់ ។ក្នុងឱកាសនោះ សម្តេចធិបតី ថ្លែងថា ការដាក់ចេញនូវគោលនយោបាយត្រូវការទទួលព័ត៌មានត្រឡប់មកវិញជាបន្តបន្ទាប់ហើយទាន់ពេលនូវអ្វីដែលជាផលប៉ះពាល់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីក្តាប់បានថា ត្រឹមត្រូវឬនៅ ឬមួយនៅមានចំណុចខ្វះខាតត្រង់ណា ដើម្បីអាចបំពេញបន្ថែម ដែលទាំងអស់នេះ គឺអ្នកសារព័ត៌មាន បានជួយដល់រាជរដ្ឋាភិបាល នាពេលកន្លងមក ក្នុងការផ្តល់ព័ត៌មានទាំងនេះមកឱ្យរាជរដ្ឋាភិបាលវិញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ខ្ញុំសូមអរគុណណាស់ ចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានដើរតួនាតីយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការដាក់ចេញដំណោះស្រាយទៅលើបញ្ហានិងក្តាប់ជាប់នូវបញ្ហា ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើងខ្ញុំសូមអរគុណក្នុងថ្ងៃនេះ"។សូមជម្រាបជូនថាជំនួបជាមួយអ្នកសារព័ត៌មានគឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានអ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់និងគោរពសិទ្ធិគ្នាទៅវិញទៅមក។ជាមួយគ្នានេះការជួបជុំនាថ្ងៃនេះក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិសេសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិតហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕ប្រភពSTPM


Powered by Blogger.