សមយុទ្ធនាគមាសលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជានិងកងទ័ពជើងទឹករំដោះប្រជាជនចិនប្រចាំឆ្នាំក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅខេត្តព្រះសីហនុ បានបិទបញ្ចប់ដោយជោគជ័យ កាលពីម្សិលមិញ ប៉ុន្តែកងទ័ពជើងគោក ដែលបាននិងកំពុងប្រតិបត្តិការសមយុទ្ធក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គ្រោងបញ្ចប់នៅថ្ងៃពុធខាងមុខ។សមយុទ្ធនាគមាសកងទ័ពជើងទឹករវាងកម្ពុជា និងកងទ័ពចិន ធ្វើឡើង១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខណៈកងទ័ពជើងគោក ធ្វើឡើងចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ពិធីបិទសមយុទ្ធលើលំហសមុទ្រ ប្រព្រឹត្តក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុនឧបការីនាយសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ការធ្វើសមយុទ្ធនេះ ដើម្បីការពារជាតិចាំបាច់ធ្វើទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់កងទ័ព និងត្រៀមឱ្យបានរួចរាល់ ដើម្បីបង្កើននូវការការពារបូរណភាពទឹកដី។នាយឧត្តមសេនីយ៍ បញ្ជាក់ថា៖ «កិច្ចការងារការពារជាតិ គឺធ្វើទាំងនោះលើដែនគោក ដែនទឹក ដែនអាកាស ហើយនៅលើដែនសមុទ្រក៏មានសារសំខាន់ នៅលើដែនគោក ក៏មានសារសំខាន់ វាសំខាន់ទាំងអស់ កាលមុនៗយើងបានធ្វើនៅដីគោក ឥឡូវយើងបានពង្រីកនៅលើលំហរសមុទ្រ អ៊ីចឹងដែនសមុទ្រ ក៏មានសារសំខាន់ដែរ ដើម្បីការពារបូរណភាពទឹកដី និងបង្កើនការពារបូរណភាពទឹកដី»។នាយឧត្តមសេនីយ បន្ថែមថា ក្នុងកំឡុងពេលធ្វើសមយុទ្ធទាំងកងទ័ពជើងទឹក និងជើងអាកាស នៅសមុទ្ររបស់កម្ពុជាគឺមានខ្លឹមសារសំខាន់ៗជាច្រើនពាក់ព័ន្ធការធ្វើដំណើររបស់នាវានៅគ្រប់រូបភាពដូចជា ក្នុងរូបភាពបណ្តោយ រូបភាពទទឹង រូបភាពត្បូងពេជ្រ រូបភាពបាញ់គ្រាប់ពិត រូបភាពទៅសង្គ្រោះចំណាត់ខ្មាំង ការរំដោះអ្នកទោស និងការសង្គ្រោះជនរងគ្រោះដែលគ្រោះថ្នាក់ជាដើម។នាយឧត្តមសេនីយ ឥត សារ៉ាត់បានវាយតម្លៃខ្ពស់នូវភាពជោគជ័យនៃការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ដោយភាគីកងទ័ពកម្ពុជា- ចិន បានសហការ និងផ្លាស់ប្តូរបទពិសោធជាមួយគ្នាពីរបៀបដឹកនាំបញ្ជានាវាគ្រប់ស្ថានភាព ហើយកម្ពុជាក៏បានរៀនសូត្រ និងដកពិសោធនូវបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាប្រព័ន្ធរ៉ាដា ដើម្បីកំណត់គោលដៅផងដែរ។
 |
AKP |
នាយឧត្តមសេនីយ ក៏បានវាយតម្លៃខ្ពស់ចំពោះកងទ័ពទាំងពីរ ជាពិសេសនាយនាវី នាយនាវីរង និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាក្នុងការធ្វើសមយុទ្ធ បានសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ឧត្តមសេនីយ៍ទោ លី ក្វាងយុន ជឿជាក់ថា ទោះស្ថានភាពអន្តរជាតិប្រែប្រួលក្ដី តែចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា កាន់តែរឹងមាំជាប់ជានិច្ច ហើយនឹងបន្តរីកចម្រើនឥតឈប់ឈរបន្ថែមទៀត។ឧត្តមសេនីយ៍ទោ បានជំរុញភាគីចិន-កម្ពុជា រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកលនិងខិតខំជំរុញកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា គ្រប់រដូវកាលក្នុងយុគសម័យថ្មី រួមចំណែកយ៉ាងធំធេងក្នុងការការពារសន្តិភាព ជំរុញការអភិវឌ្ឍរួមគ្នាក្នុងតំបន់។ សេចក្ដីរាយការណ៍របស់ប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធ បានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រសើរ ពិសេសការផ្លាស់ប្ដូរបទពិសោធ ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំងមធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់។សមយុទ្ធជើងទឹកឆ្នាំនេះ ធ្វើឡើងនៅតំបន់ច្រកចន្លោះកោះតាង និងកោះរុងសន្លឹម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយចេញដំណើរពីកំពង់ផែមូលដ្ឋានកងទ័ពរាម ក្នុងចលនារូបភាពបំលាស់ទីមួយជួរបណ្តោយ ដើម្បីអនុវត្តយុទ្ធវិធីប្រតិបត្តិការទៅកាន់គោលដៅ។លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នានេះ ដើម្បីផ្លាស់ប្តូរបទពិសោធ ពង្រឹងសន្តិសុខ ដែលមានលក្ខណៈរួមនិងលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ជាពិសេសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានឯកភាពកសាងសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។លោកបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំនេះ បានឆ្លុះបញ្ចាំងពីផ្លែផ្កានៃមិត្តភាពជាប្រពៃណី ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីខែមេសាដែលបានជំរុញកាន់តែខ្លាំងនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប៉ុន្តែគ្មានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។លោក ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការបន្តធ្វើសមយុទ្ធនាគមាសនេះគឺជាសកម្មភាពល្អសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រោះចិនកំពុងវិវត្តទៅជាប្រទេសមហាអំណាចលេខ២ ក្នុងពិភពលោក ហើយកំពុងមានប្រជាប្រិយភាព និងជឿនលឿនលើផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច កងទ័ព។លោកបញ្ជាក់ថា៖ “កម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីចិន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនទាំងសមត្ថភាពកងទ័ព សមត្ថភាពសេដ្ឋកិច្ច ក៏ដូចពង្រឹងសមត្ថភាពផ្ទៃក្នុង។ យើងដឹងហើយថា ចិនមានចេតនាល្អជាមួយកម្ពុជា ហើយចង់ឱ្យកម្ពុជារីកចម្រើន និងរឹងមាំ”។គួររម្លឹកថា សមយុទ្ធនាគមាសឆ្នាំនេះ ធ្វើឡើងទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដែលភាគីទាំងពីរប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវាចម្បាំង ឧទ្ធម្ភាគចក្រ យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ គ្រាប់រំសេវ ព្រមទាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ទំនើបផ្សេងៗមួយចំនួនទៀត៕Khmer Times
Post a Comment