សម្តេចមហាបវរធិ​បតី៖កងកម្លាំងនគរបា​លជាតិគឺជាអង្គប្រតិបត្តិច្បាប់ពោរពេ​ញទៅដោយពលានុភាពក្នុងការ​កា​រពារសន្តិភាពសុខសុវត្ថិភាពនិង​សណ្តាប់ធ្នាប់សង្គមជាតិ

កងកម្លាំងនគរបាលជាតិកម្ពុជាគឺជាអង្គប្រតិបត្តិច្បាប់ពោរពេញទៅដោយពលានុភាព ក្នុងការ​ការពារសន្តិភាព,សុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមជាតិ ពិសេសបម្រើដល់ការរស់នៅប្រចាំ​ថ្ងៃ​របស់ប្រជាជន។​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​ប្រារព្វខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការប្រារព្វខួបលើកទី៨០ នៃ​ការបង្កើតកងកម្លាំងនគបាលជាតិ គឺជាការចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម, និង​សមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាសមស្របសម្រាប់ថ្លែងអំណរគុណ និង​​ ការដឹងគុណចំពោះវីរភាពយ៉ាងអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ហើយជាគ្រឹះយ៉ាងសំខាន់ក្នុងការបម្រើឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន។

បន្ថែមលើនេះ, បេសកកម្ម​របស់កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារដាច់ខាត ដល់សន្តិភាព​, អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ដោយធានាមិនឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុង, ចាត់វិធានការទប់​ស្កាត់ និងប្រឆាំងរាល់អំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន, សកម្មភាពវិច្ឆេទកម្ម, សកម្មភាពវិទ្ធង្សនា, ការបង្កចលាចលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ ដែលបង្កឱ្យមានអស្ថិរភាព​ក្នុងសង្គម តាមរយៈល្បិចកលទុច្ចរិតនានា ដូចជាការលើកយកករណីសំណង់ព្រែកជីកហ្វូណនតេជោ និង​កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ដើម្បីចោទប្រកាន់ថា​ រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់បូរណ​ភាពទឹកដី​ ជាដើម។ ជាមួយនេះ, កងកម្លាំងនគរបាលជាតិក៏បានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវ​គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ​ ដូចជា៖​ បទ​ល្មើសគ្រឿងញៀនខុសច្បាប់, អំពើជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា​,​ ការឆបោកតាមអនឡាញ, សកម្មភាពក្មេងទំនើង ព្រមទាំង​ ការអនុវត្តច្បាប់ចរាចរណ៍, ការអន្តរាគមន៍, ការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។ព្រមជាមួយគ្នានេះ, សម្តេចបវរធិបតី បានដាក់ចេញនូវអនុសាសន៍ជូនដល់កងកម្លាំង​នគរបាលជាតិ ដូចជា៖ ១/ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ, ការពារឱ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះ-ឈ្នះ», ការពារអធិប​តេយ្យជាតិ, បូរណ​ភាពទឹកដី, កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងការអភិវឌ្ឍប្រឆាំងទប់ស្កាត់អានុភាពអមិត្ត, ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។ ២/ ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីភាព​ផ្ទៃក្នុងសកម្មភាពវិទ្ធង្សនា, បង្កចលាចល, ជាពិសេស បដិវត្តពណ៌ ព្រមទាំងខិតខំទប់ស្កាត់​បង្ក្រាប​បណ្ដាញ​ភេរវកម្ម ព្រមទំាងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ក្នុងយុគឌីជីថល ដោយត្រូវយក​ចិត្ត​ទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូសំខាន់ៗ ដើម្បីធានាបាននូវការ​ឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខជាតិ និង សន្តិសុខសង្គមនៃកម្ពុជា។ ៣/ ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លំាងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោ​បាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្ម និង ស៊ីជម្រៅគ្រប់ទីកន្លែង ដោយ​តម្កល់​ផលប្រយោជន៍ប្រជាជន និង ឧត្តមប្រយោជន៍ជាតិ ខ្ពស់ជាងអ្វីៗទាំងអស់ ។ ៤/ ត្រូវគិតគូរ​ចំពោះ​បរិបទថ្មី ដើម្បីធានាថាសណ្ដាប់ធ្នាប់តាមទីសាធារណៈ, សណ្ដាប់​ធ្នាប់ចរាចរណ៍ មានការ​រៀប​រយល្អ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍជាតិ, កំណើន​សេដ្ឋកិច្ច, អគារខ្ពស់ៗ និង បុរី ដែលមានមនុស្សរស់នៅច្រើនកុះករ និង កំណើនយានយន្តគ្រប់ប្រភេទ។ ៥/ ត្រូវពង្រឹង និង លើកកម្ពស់ការផ្តល់សេវារបស់កងកម្លំាងនគរបាលជាតិ ឱ្យកាន់តែមានភាពសាមញ្ញ, លឿន រហ័ស, តម្លាភាព និង គណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយ​ប្រសិទ្ធភាពទៅនឹង​សំណូម​ពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេល រួមទាំងការផ្តល់សេវាក្នុងការរក្សា​សន្តិសុខ, សុវត្ថិភាព និង សេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាមក្នុងដែនសមត្ថកិច្ចរបស់​នគរបាលជាដើម។ ៦/ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិ​ឱ្យបានស៊ី​ជម្រៅ​ថែមទៀត ដោយផ្តោតលើការបណ្ដុះបណ្ដាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និង បច្ចេកវិទ្យាព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារក្នុងយុគសម័យឌីជីថល ប្រកប​ដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ និង ៧/ លើកទឹកចិត្ត​ដល់កងកម្លំាង​នគរបាលជាតិគ្រប់រូប,​ សូមខិតខំ​បន្តស្មារតីតស៊ូ, អត់ធន់, យកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាពជំនាញ, បច្ចេកទេស​ និង គុណភាព​ប្រតិបត្តិការ ដើម្បីសម្រេច​បាននូ​វ​បំណង​ប្រាថ្នារួម​ គឺការពារសន្តិភាព, ធានា​សុខសុវត្ថិភាព​ជូន​ពលរដ្ឋ​ និងសង្គមជាតិ ជាពិសេស​ធ្វើការ​អភិវឌ្ឍខ្លួន​ឱ្យ​ស័ក្តិសមជាគ្រឹះ និង ជា​សសរស្តម្ភ សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិបន្តទៀត៕ប្រភពSTPM


Powered by Blogger.