ប្រធានព្រឹទ្ធស​ភាឥណ្ឌូណេស៊ីចាត់​ទុកសម្ដេចតេជោគឺរដ្ឋបុរ​សរបស់កម្ពុជា

ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីបានចាត់ទុកសម្ដេចតេជោគឺជារដ្ឋបុរសរបស់ កម្ពុជាដោយសារសម្ដេចតេជោបានដឹកនាំប្រទេសកម្ពុជាតាំងពីអំឡុងពេលមានសង្គ្រាមស្វែងរកសន្តិភាពជូនកម្ពុជានិងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។

នេះបើតាមការបញ្ជាក់របស់លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា។លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជាយ៉ាងកក់ក្ដៅបំផុត ដោយ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានថ្លែងអរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូនៅក្នុងឱកាសនេះដែលបានអនុញ្ញាតក៏ដូចជាបានជួបជជែកគ្នា ផ្លាស់ប្ដូរយោបល់គ្នា លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្ដេចតេជោ បានរំលឹកថាឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលសម្ដេចតេជោ បានមកទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនេះ ជាច្រើនដង ដើម្បីចរចា ។ ដូច្នេះមិនអាចកាត់ផ្ដាច់នូវទំនាក់ទំនងក៏ដូចជាការជួយជ្រោមជ្រែងរបស់ឥណ្ឌូនេស៊ីបានទេហើយឥណ្ឌូនេស៊ីក៏បានរួមចំណែកនៅក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ ។ សម្ដេចតេជោ ក៏បានរំលេចនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមកដល់ពេលនេះ មានរយៈពេលជាង ៦៥ឆ្នាំមកហើយ ។


 សម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ដែលបន្តមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងមានភាពប្រសើរជាលំដាប់ ។ ក្នុងជំនួបនេះ សម្ដេចតេជោក៏បានជំរុញដល់ប្រទេសទាំងពីរឱ្យបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនថែមទៀត។នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែនក៏បានរំលេចអំពីការចូលរួមដ៏សកម្មក្នុងព្រឹទ្ធសភារវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរ បានលើកឡើងនូវគំនិតរួមមួយដូចគ្នា ដែលជាគំនិតថ្មី គឺការបង្កើតឲ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភា នៅក្នុងតំបន់អាស៊ាន ។ សម្ដេចតេជោបន្តថា វាជាការចាំបាច់ណាស់ដែលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ានដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងមិត្តភាព ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ។សម្ដេចតេជោបានលើកឡើងថា នៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះស្រាប់ គឺជាលេខាធិការដ្ឋានអាស៊ាន ដូច្នេះយើងអាចបង្កើតនូវគំនិតមួយនេះ ដើម្បីឲ្យមានការគាំទ្រ ហើយរៀបចំនូវវេទិកានេះឡើង ។ ទស្សនទានរបស់សម្ដេចតេជោត្រូវបានលោកប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីគាំទ្រ១០០%ចំពោះការបង្កើតឲ្យមានវេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាន នេះ ដោយ លោកបានរំលេចថា វេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនៅក្នុងតំបន់អាស៊ានក៏ដូចជាការបង្ហាញនូវតួនាទីរបស់ព្រឹទ្ធសភាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែល្អប្រសើរគ្រប់ផ្នែក ។ ក្នុងជំនួបនេះដែរ សម្ដេចតេជោ និង លោកប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីក៏បានពិភាក្សាពីបញ្ហាសង្គ្រាមពាណិជ្ជកម្មភ្ជាប់ភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃនេះ ។ បញ្ហានេះសម្ដេចតេជោបានលើកជាគំនិតឱ្យប្រទេសក្នុងតំបន់អាស៊ានពង្រីកការធ្វើពាណិជ្ជកម្មជាមួយគ្នា និងស្វែងរកទីផ្សារថ្មីជាមួយគ្នាបន្ថែមទៀត ។សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញ ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយ ឯកឧត្ដម ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានទទួលយកការអញ្ជើញនេះដោយក្ដីរីករាយ ហើយសន្យាថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ៕វិទ្យុជាតិ/AKP 

Powered by Blogger.