តាមរយៈសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០២៥សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថារាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យក្នុងការកសាងកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយដែលឆ្លើយតបនឹងលក្ខណសម្បត្តិចំនួន៥ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សម្តេចមហាបវរធិបតីបានមានប្រសាសន៍ថាស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែងក្នុងការកសាងកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយដែលឆ្លើយតបនឹងលក្ខណៈសម្បត្តិចំនួន៥រួមមាន៖
 |
|
១.កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ២. កម្ពុជាជាប្រទេសមានចំណូលខ្ពស់និងមានសេដ្ឋកិច្ចធន់និងរឹងមាំ ៣. ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់និងជំនាញមួយយ៉ាងតិចប្រចាំជីវិត៤.ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស និង ៥. កម្ពុជាមាន បរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយ សុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាព រវាងការអភិវឌ្ឍនិងការ អភិរក្សធនធានធម្មជាតិ។សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើតនិងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរអង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាពផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយ ចីរភាព និងភាពធន់»សម្រាប់ឆ្នាំនេះនឹងជួយចូលរួមឱ្យសម្រេចបាននូវសូចនាករគន្លឹះ ដែលបានកំណត់ក្នុង កម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ហើយក៏ជាទស្សនវិស័យសម្រាប់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍ ដៃគូសង្គម អង្គការវិជ្ជាជីវៈ និយោជក និងបងប្អូនកម្មករនិយោជិត រួមគ្នាបន្តលើកកម្ពស់ លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានារបស់បងប្អូន កម្មករនិយោជិតកាន់តែល្អប្រសើរឡើង ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដោយសារតែបម្រែបម្រួលអាកាសធាតុនិងភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយនិងសង្គ្រាមពាណិជ្ជកម្មផងដែរ។សូមរំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ជាមួយគ្នានេះ ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)៕
Post a Comment