ប្រតិភូព្រឹទ្ធស​ភាកោត​ស​រសើរនិងលើ​កទឹ​កចិត្តចំពោះកិច្ចខិត​ខំប្រឹ​ងប្រែងរបស់ក្រសួងម​​ហាផ្ទៃ

 ប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤នៃព្រឹទ្ធសភាបានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៥នេះ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី ដែលមន្ត្រីរាជការទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ សម្រេចបានជោគជ័យជាបន្តបន្ទាប់ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ការថ្លែងកោតសរសើរពីប្រធានប្រតិភូព្រឹទ្ធសភា នាពេលនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចការសំខាន់ៗក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពាក់ព័ន្ធការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដី ការងារអត្តសញ្ញាណកម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀតពាក់ព័ន្ធការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រួមទាំងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក្នុងសង្គម ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងកិច្ចការមួយចំនួនទៀត ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់។ 

ឈរលើមូលដ្ឋានសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃ សម្រេចក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ឯកឧត្តមបណ្ឌិត នាង ផាត ជាថ្មីម្ដងទៀតបានបង្ហាញការកត់សម្គាល់លើសកម្មភាពសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតទាំងការអញ្ជើញដឹកនាំកិច្ចប្រជុំនានាក្នុងកម្រិតក្រសួងមហាផ្ទៃ និងនៅតាមបណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ការអញ្ជើញចុះទៅកាន់មូលដ្ឋានផ្ទាល់ ដើម្បីត្រួតពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រី ទាំងកម្មវិធីគ្រោង និងមិនគ្រោងទុកមុន ព្រមទាំងដំណើរបំពេញបេសកកម្មក្រៅប្រទេស ដើម្បីនាំមកនូវផលប្រយោជន៍ដល់ជាតិ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តនានា។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត នាង ផាតប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភានិងប្រតិភូដែលបានវាយតម្លៃជាវិជ្ជមាននិងផ្តល់ការលើកទឹកចិត្តខ្ពស់មកកាន់ឯកឧត្តម ក៏ដូចជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញនូវការទទួលយកអនុសាសន៍ និងមតិយោបល់ល្អៗព្រមទាំងបានប្ដេជ្ញាចិត្តបន្តខិតខំអនុវត្តការងារតាមតួនាទីភារកិច្ចនិងសមត្ថកិច្ចក្រសួងមហាផ្ទៃក្នុងន័យគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ឱ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ប្រយោជន៍ជាតិនិងប្រជាជន៕





















Powered by Blogger.