សម្ដេចបវរធិប​តី៖ខេត្តតាកែវមានសក្ដានុពលច្រើនខា​ងវិស័​យទេសចរណ៍ដែលអាច​ទាក់ទាញភ្ញៀវជាតិនិង​អន្តរជា​តិឱ្យមកទស្សនា​ច្រើន

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបុណ្យទន្លេលើកទី៩ឆ្នាំ២០២៥នៅខេត្តតាកែវនាព្រលប់ថ្ងៃទី២២ខែមីនាឆ្នាំ២០២៥នេះបានលើកឡើងថាខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យមកទស្សនាច្រើន។ថ្លែងបើកបុណ្យទន្លេលើកទី៩ឆ្នាំ២០២៥នេះលោកវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវបានឱ្យដឹងថាខេត្តតាកែវក៏មានមូលដ្ឋានអាជីវកម្មសម្រាប់បម្រើសេវាកម្មម្ហូបអាហារដ៏មានសក្តានុពលដែលជាប្រភេទបង្កងធម្មជាតិនិងត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រ(GI)ដោយក្រសួងពាណិជ្ជកម្ម។

ក្នុងឆ្នាំ២០២៤កន្លងទៅទទួលបានទិន្នផលចំនួន ៥០តោនសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និង ក្រៅខេត្ត។ ទន្ទឹមនេះពងទា ស្រែរនោងក៏ត្រូវបានទទួលស្គាល់ថាជាប្រភេទពងទាមានរស់ជាតិឆ្ងាញ់ដែលអាចទទួលបានទិន្នផលជាមធ្យម១១៤.០០០គ្រាប់ក្នុងមួយថ្ងៃនិងប្រមាណជាង១០០លានគ្រាប់ក្នុងមួយឆ្នាំសម្រាប់នាំចេញលើទីផ្សារទាំងក្នុងខេត្តនិងក្រៅខេត្តផងដែរ។សូមជម្រាបជូនថាគោលបំណងសំខាន់នៃបុណ្យទន្លេដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្សនិងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាពនិងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប។

គោលបំណងធំ៣សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះរួមមានទី១)ជំរុញលើកតម្លៃនិងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេទី២)ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេនិងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេនិងទី៣)បំផុសចលនាមហាជននិងគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការងារអភិរក្សនិងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុងនិងសហគមន៍សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ។គួរឲ្យដឹងដែរថាខេត្តតាកែវ ជាខេត្តវ័យចំណាស់ដែលបានកកើតទឹកដីនិងអារ្យធម៌ខ្មែរដំបូងបង្អស់ តាំងពីសម័យអាណាចក្រហ្វូណនឬនគរភ្នំដែលបានបន្សល់ទុកនូវធនធានប្រវត្តិសាស្ត្រជាប្រាសាទបុរាណជាច្រើនរួមមានប្រាសាទភ្នំដាសតវត្សទី៦ស្ថិតនៅស្រុកអង្គរបុរីប្រាសាទភ្នំបាយ៉ង់សតវត្សទី៧ស្ថិតនៅលើកំពូលភ្នំបាយ៉ង់ ស្រុកគិរីវង់ ប្រាសាទនាងខ្មៅសតវត្សទី១០ ស្ថិតក្នុងស្រុកសំរោង ប្រាសាទភ្នំជីសូរ្យសតវត្សទី១១ស្ថិតក្នុងស្រុកសំរោង ប្រាសាទភ្នំតាម៉ៅ សតវត្សទី១១ស្ថិតក្នុងស្រុកបាទីប្រាសាទតាព្រហ្មសតវត្សទី១២និងដើមសតវត្សទី១៣ស្ថិត ក្នុងស្រុកបាទី ហើយទីតាំងប្រាសាទទាំងនោះ បានប្រែក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិទស្សនា និង សិក្សាស្វែងយល់។ក្រៅពីនោះ ក៏មានតំបន់ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍កែច្នៃ សម្រាប់ភ្ញៀវទេសចរណ៍ មកលេងកម្សាន្តផងដែរ ដូចជា រមណីយដ្ឋានទន្លេបាទី រមណីយដ្ឋានទឹកជ្រោះផ្អោករមណីយដ្ឋានភ្នំខ្លែង រមណីយដ្ឋានភ្នំជីតាពេជ្ររមណីយដ្ឋានកំពូលពេជ្ររមណីយដ្ឋានត្រីមាស និងវត្តពុទ្ធគិរីកម្ពុជា៕
Powered by Blogger.