ឧត្តមក្រុ​ម​ប្រឹក្សានៃអង្គចៅក្រមស​ម្រេ​ចដាក់ពិន័​យលើចៅក្រ​ម​និងព្រះរាជអាជ្ញាជា​ង​២០ករណី

 កាលពីម្សិលមិញក្នុងសម័យប្រជុំលើកទី៣៨របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅក្នុងព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នរោត្តមសីហមុនីព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិនិត្យនិងសម្រេចដាក់ពិន័យចៅក្រម និងព្រះរាជអាជ្ញា ចំនួន២៣ករណី ដែលស្ថិតក្នុងទម្រង់ពិន័យដូចគ្នាស្រដៀងគ្នា និងផ្សេងៗគ្នា។

អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានឱ្យដឹងថា ក្នុងអង្គប្រជុំបានយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យពាក់ព័ន្ធនឹងចៅក្រមចំនួន១៤ករណីនិងព្រះរាជអាជ្ញា ៩ករណី ដែលក្នុងនោះដាក់វិន័យក្រោមរូបភាពស្តីបន្ទោសដោយផ្ទាល់មាត់៤ករណី និងស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួនចំនួន១១ករណី។សេចក្ដីប្រកាសព័ត៌មានបន្ថែមថាក្រៅពីនេះក្រុមប្រឹក្សាវិន័យបានផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ឬឋានន្តរស័ក្តិមួយរយៈ។ប៉ុន្តែមិនឱ្យលើសពី២ឆ្នាំឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ឬឋានន្តរស័ក្តិវិញក្នុងករណីដែលបានចុះឈ្មោះរួចហើយចំនួន៣ករណី។ការផ្លាស់ដោយបង្ខំ ១ករណីការផ្លាស់ដោយបង្ខំតម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមចំនួន ២ករណីការផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ១ករណីនិងព្យួរពីការងារមិនឱ្យមានបៀវត្សក្នុងរយៈពេល៦ខែចំនួន១ករណី។ប្រភពដដែលបន្តថា ក្នុងចន្លោះសម័យប្រជុំលើកទី៣៧និងលើកទី៣៨ក៏បានពិនិត្យនិងសម្រេចលើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង១នាក់ដោយសម្រេចដាក់វិន័យក្រោមរូបភាពបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ផងដែរ។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងព្រះរាជាធិបតីដឹកនាំអង្គប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ កាលពីម្សិលមិញ។ រូប៖ AKP/ Khmer Times
ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា អង្គប្រជុំបានយល់ព្រមលើការស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានអនុប្រធាននិងចៅក្រមនៃសាលាជម្រះក្តីមួយចំនួនដែលដល់វេនត្រូវផ្លាស់ប្តូរនិងដោយយោងទៅតាមតម្រូវការជាក់ស្តែង ដែលក្នុងនោះរួមមានថ្នាក់តុលាការកំពូលចំនួន៥នាក់ ថ្នាក់សាលាឧទ្ធរណ៍១២នាក់ និងថ្នាក់សាលាដំបូងរាជធានី-ខេត្ត ចំនួន៥៦នាក់។ប្រភពបន្តថាអង្គប្រជុំបានបន្តយល់ព្រមលើសំណើរផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៅថ្នាក់មហាអយ្យការអមតុលាការកំពូល១នាក់ថ្នាក់មហាអយ្យការអមសាលាឧទ្ធរណ៍២នាក់និងនៅថ្នាក់អយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន ២១នាក់។ក្នុងកិច្ចប្រជុំក៏បានយល់ព្រមកែសម្រួល និងតែងតាំងសមាសភាពក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ២០នាក់ ព្រមទាំងបានយល់ព្រមចំពោះសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិតាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា ចំនួន ៣៧៨នាក់។ ក្នុងនោះចំនួន ៣១២នាក់ ត្រូវស្នើតាមវេនអតីតភាព និងចំនួន៦៦នាក់ ត្រូវស្នើតាមកម្រិតសញ្ញាបត្រ។លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្រោយព្រះរាជាធិបតីភាពអង្គព្រះមហាក្សត្រ ក៏បានយល់ព្រមតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រមចំពោះចៅក្រមកម្មសិក្សាចំនួន ៣៥នាក់និងចាត់ឱ្យទៅបំពេញការងារនៅសាលាដំបូងខេត្ត ព្រមទាំងយល់ព្រមសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញាចំពោះព្រះរាជអាជ្ញារងកម្មសិក្សាចំនួន២០នាក់និងចាត់ឱ្យបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្ត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។លោកបន្ថែមថា អង្គប្រជុំបានបន្តអនុម័តអនុញ្ញាតឱ្យលោកស្រី ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញចូលបម្រើការងារជាចៅក្រមនៅអង្គភាពឡើងវិញនិងតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។លោកបន្តថា ក្នុងកិច្ចប្រជុំចាប់ពីម៉ោង១០:០០នាទី ដល់ម៉ោង១១:៥៥នាទីព្រឹក អង្គប្រជុំបានអនុញ្ញាតឱ្យលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ឈប់សម្រាកដោយគ្មានបៀវត្ស គិតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ និងលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឈប់សម្រាកដោយគ្មានបៀវត្ស គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៧។លោក សំ ប្រជាមានិត បញ្ជាក់ថា បានបន្តអនុម័តយល់ព្រមអនុញ្ញាតច្បាប់ឈប់សម្រាកពីការងារបន្ថែមចំនួន១ឆ្នាំទៀត ដល់លោកស្រី អ៊ី ម៉ាណូកា ចៅក្រមសាលាដំបូងខេត្តកណ្តាល គិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដោយរក្សាក្របខណ្ឌ តែគ្មានប្រាក់បៀវត្ស។លោកបន្ថែមថាអង្គប្រជុំបានអនុម័តអនុញ្ញាតឱ្យលោកស្រី សាមឆាយ លីនណា ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ឈប់សម្រាកពីការងារដោយរក្សាក្របខណ្ឌ និងប្រាក់បៀវត្សរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។លោកបន្តថា អង្គប្រជុំក៏បានផ្តល់យោបល់យល់ព្រមលើការស្នើសុំបំពេញកម្មសិក្សាការងារ ជាព្រះរាជអាជ្ញារងកម្មសិក្សា សម្រាប់សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ចំនួន១៥នាក់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។លោកបញ្ជាក់ថា ក្នុងសម័យប្រជុំលើកទី៣៨ ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានថ្លែងអំណរគុណចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងបានប្រកាសបិទសម័យប្រជុំរបស់ក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកបដោយជោគជ័យ និងស្ថិតក្នុងបរិយាកាសល្អប្រសើរ៕ Khmer Times


Powered by Blogger.