ប្រមុខ​កា​រពារ​ជាតិថៃ​នឹងធ្វើដំណើ​រ​ទៅ​កាន់​កោះ​​គុត​ដើម្បី​អះអាង​​អ​ធិបតេយ្យភាព

នៅថ្ងៃសៅរ៍នេះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ភុំថាំ វេឆាយៈឆៃ (Phumtham Wechayachai)នឹងធ្វើទស្សនកិច្ចទៅកាន់កោះគុត(Koh Kut)ក្នុងខេត្តត្រាតដើម្បីអះអាងសារជាថ្មីនូវអធិបតេយ្យភាពទឹកដីរបស់ប្រទេសថៃនៅលើកោះនេះចំពេលមានការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រជាមួយកម្ពុជា។លោក Phumthamដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បាននិយាយថាលោកនឹងដឹកនាំគណៈប្រតិភូទៅត្រួតពិនិត្យដែនកោះ និងលើកទឹកចិត្តដល់ទាហានដែលឈរជើងនៅទីនោះដើម្បីការពារព្រំដែនកម្ពុជា-ថៃ។លោកបាននិយាយថាលេខាធិការអចិន្ត្រៃយ៍និងអគ្គលេខាធិការនៃក្រសួងការពារជាតិ ក៏ដូចជាអគ្គសេនាធិការកងទ័ពជើងទឹកថៃ ក៏នឹងរួមដំណើរជាមួយគណៈប្រតិភូផងដែរ។លោក​បាន​បន្ត​ថា​៖«​យើង​នឹង​ទៅ​ទី​នោះ​ដើម្បី​អះអាងសារជាថ្មី​ពី​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ​លើ​កោះ​គុត និង​បង្កើន​ទំនុក​ចិត្ត​ក្នុងចំណោម​ប្រជាជនថៃ»។

រដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ។
នៅពេលសួរអំពីការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (Joint Technical Committee-JTC) ដើម្បីចរចាតំបន់ដែនសមុទ្រដែលប្រទេសទាំងពីរទាមទារនោះ លោក Phumthamបានលើកឡើងថាក្រសួងការបរទេសកំពុងដោះស្រាយបញ្ហានេះ។ ឆាប់ៗនេះក្រសួង​នឹងស្នើ​ឈ្មោះ​សមាជិកដែលមាន​សក្ដានុពល​ទៅ​គណៈរដ្ឋមន្ត្រី។នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានថ្លែងមុននេះថា JTC អាចនឹងត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ គណៈកម្មាធិការនឹងបន្តកិច្ចពិភាក្សាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នា (Overlapping Claims Area-OCA) ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។ទាំងភាគីថៃ និងភាគីកម្ពុជាបានទាមទារអធិបតេយ្យភាពនៃ OCA សម្បូរធនធានថាមពលដែលគ្របដណ្តប់លើផ្ទៃដីប្រហែល២៦,០០០ គីឡូម៉ែត្រក្រឡាក្នុងឈូងសមុទ្រថៃ។កម្ពុជា​បាន​ទាមទារ​ដំបូង​ក្នុង​ឆ្នាំ១៩៧២ដែល​ថៃ​បាន​បដិសេធ។នៅឆ្នាំបន្ទាប់ប្រទេសថៃបានធ្វើការទាមទាររបស់ខ្លួនម្តងវិញ។លោក Phumtham បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មាធិការនេះនឹងត្រូវដឹកនាំដោយឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិរួមទាំងមន្ត្រីមកពីក្រសួងការពារជាតិ ថាមពល ក្រសួងការបរទេស និងហិរញ្ញវត្ថុ ក្រុមប្រឹក្សារដ្ឋ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។លោក Phumtham បាន​និយាយ​ថា អនុគណៈកម្មាធិការ​ពីរ​ទៀត​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ​ដើម្បី​ជួយ​ក្នុង​ការ​ចរចា។លោកបាននិយាយថា“ខ្ញុំសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាក់ទងនឹងតំបន់ទាមទារត្រួតស៊ីគ្នានេះនឹងជួយជម្រះមន្ទិល”។នៅ​ពេល​សួរ​អំពី​ការ​អះអាង​ថា​ប្រទេស​ថៃ​បាន​បាត់បង់​អធិបតេយ្យភាព​លើ​កោះ​នេះ​នៅ​ពេល​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ ២០០១ ជាមួយ​ប្រទេស​កម្ពុជា លោក Phumtham បាន​និយាយ​ថា “ព័ត៌មាន​មិន​ពិត”នេះ គឺ​មាន​ហេតុផល​នយោបាយ។លោក​បានបន្ថែម​ថា “កោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ប្រទេស​ថៃ​ជា​យូរ​មក​ហើយ។ឆ្លើយតបទៅនឹងអ្នករិះគន់ដែលកំពុងអំពាវនាវឱ្យរដ្ឋាភិបាលលុបចោល MoU ឆ្នាំ២០០១ លោក Phumtham បាននិយាយថា រដ្ឋបាលពីមុនបានជ្រើសរើសមិនលុបចោល MoU ឆ្នាំ២០០១ ព្រោះវាត្រូវបានគេមើលឃើញថាជាបណ្តាញដ៏មានប្រសិទ្ធភាពបំផុតក្នុងការពិភាក្សា និងចរចាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បន្ត​ការ​ចរចា​អំពី OCA ជាមួយ​ភាគី​កម្ពុជា។លោក ផៃប៊ុន និទិតៈវ៉ាន់ (Paiboon Nititawan) អគ្គលេខាធិការគណបក្សផាឡាំង ប្រាឆារ៉ាត់ (Palang Pracharath-PPRP) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំគណបក្សលោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon)បានណែនាំសមាជិកសភារបស់គណបក្សឱ្យជំរុញដល់ការលុបចោលMoUឆ្នាំ២០០១“ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសថៃ”។ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំ២០០១ នៅពេលដែលរដ្ឋបាលថាក់ស៊ីន ស៊ីណាវ៉ាត្រាឡើងកាន់អំណាច ដើម្បីរួមគ្នាអភិវឌ្ឍផ្នែកខ្លះនៃ OCA និងបោះបង្គោលព្រំដែនសមុទ្រ។នៅក្រោម MoUនេះ ការបោះបង្គោលព្រំដែនសមុទ្រ និងការអភិវឌ្ឍន៍រួមគ្នាត្រូវតែអនុវត្តជា “កញ្ចប់ដែលមិនអាចបំបែកបាន(indivisible package)” ដោយមានគណៈកម្មាធិការបច្ចេកទេសចម្រុះកម្ពុជា-ថៃ (Thailand-Cambodia JTC) បង្កើតឡើងដើម្បីពិភាក្សាអំពីបញ្ហាទាំងនោះ។កិច្ចចរចាជាច្រើនត្រូវបានធ្វើឡើងតាំងពីពេលនោះមក ប៉ុន្តែមិនមានការវិវឌ្ឍអ្វីឡើយ ភាគច្រើនគឺដោយសារតែជម្លោះលើការបោះបង្គោលព្រំដែនសមុទ្រ។MoU ឆ្នាំ២០០១ បានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈ បន្ទាប់ពីអ្នកសង្កេតការណ៍បានចង្អុលបង្ហាញថា ប្រសិនបើឯកសារនេះត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការគ្រប់គ្រងOCAនោះប្រទេសថៃនឹងប្រថុយនឹងការបាត់បង់អធិបតេយ្យភាពលើកោះគុត៕Bangkok Post



Powered by Blogger.