រដ្ឋាភិបាលកំពុងសាងសង់ស្ពានមួយដែលនឹងតភ្ជាប់ខេត្តចាន់បុរីជាអចិន្ត្រៃយ៍ជាមួយខេត្តប៉ៃលិនក្នុងប្រទេសកម្ពុជាក្នុងតម្លៃប្រមាណ១៥ លានបាត។ថ្លែងនៅច្រកព្រំដែន បានផាក់កាដ (Ban Pakkad) ក្នុងស្រុកផុងណាំរ៉ុង(PongNamRong)បន្ទាប់ពីបានចុះពិនិត្យទីតាំងស្ពានថ្មីកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុធីន ឆានវីរៈគុន (Anutin Charnvirakul) បានមានប្រសាសន៍ថា ស្ពាននេះនឹងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែននិងទេសចរណ៍រវាងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ក៏មានវត្តមានចូលរួមពីសមភាគីកម្ពុជា គឺលោក ស សុខា ផងដែរ។ ស្ពានដែលត្រូវបានគេស្គាល់ថាជាស្ពានមិត្តភាពចាន់បុរី-ប៉ៃលិនថ្មី ដែលនឹងជំនួសស្ពានដែកបណ្ដោះអាសន្នដែលតភ្ជាប់តាមខេត្តនាពេលបច្ចុប្បន្ន។ស្ពានបេតុងនេះនឹងមានប្រវែងប្រហែល៤០ម៉ែត្រ ដែលមានផ្លូវដើរទទឹង៣ម៉ែត្រនៅសងខាងផ្លូវរថយន្ត។
|
|
ស្ពានដែលចំណាយថវិកាសាងសង់ប្រមាណ ១៥ លានបាត ត្រូវបានគេរំពឹងថានឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវផ្នែកភស្តុភារ និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។លោក អនុធីន បានមានប្រសាសន៍ថា ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។លោក អនុធីន ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានបន្ថែមថា គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរនិងលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចនៅច្រកព្រំដែនទាំងពីរ។គិតត្រឹមម្សិលមិញនេះមន្ត្រីថៃនិងកម្ពុជាបានរៀបចំសេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) របស់គម្រោង ដែលរំពឹងថានឹងដាក់ជូនគណៈរដ្ឋមន្ត្រីថៃដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ។នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានឯកភាពគំនិតផ្តួចផ្តើមនេះជាគោលការណ៍រួចហើយ។ ស្ពាននេះនឹងត្រូវសាងសង់ដោយមូលនិធិពីថវិកាថ្នាក់កណ្តាល។ខេត្តចាន់បុរី មានចំណុចពាណិជ្ជកម្មតាមព្រំដែនសំខាន់ៗចំនួនប្រាំជាមួយប្រទេសកម្ពុជា គឺប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ពីរនៅស្រុកបានឡែម និងស្រុកបានផាក់កាដ និងច្រកឆ្លងកាត់ក្នុងស្រុកចំនួនបីសម្រាប់ពាណិជ្ជកម្មតាមព្រំដែន។នៅក្នុងឆ្នាំសារពើពន្ធ២០២៤តម្លៃសរុបនៃពាណិជ្ជកម្មឆ្លងព្រំដែននៅខេត្តចាន់បុរី (Chanthaburi) បានកើនឡើងដល់ ២៦ប៊ីលានបាត ដោយប៉ុស្តិ៍ត្រួតពិនិត្យបានផាក់កាដ មានចំនួន ៦,១២ ប៊ីលានបាត៕Bangkok Post/KhmerTimes
Post a Comment