សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាសង្ឃឹមថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនឹងចប់សព្វគ្រប់នៅឆ្នាំ២០២៧ដែលជាពេលវេលាយុទ្ធសាស្ត្រដើម្បីអបអរសាទរខួបលើកទី៤០(១៩៨៩-២០២៩) របស់អតីតនាយករដ្ឋមន្ត្រីសម្តេចហ៊ុនសែនដែលបានផ្តួចផ្តើមផ្តល់កម្មសិទ្ធិដីធ្លីឯកជនជូនប្រជាពលរដ្ឋកម្ពុជា។សម្តេចនាយករដ្ឋមន្ត្រីបង្ហាញនូវការរំពឹងទុកក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃនេះ។
|
|
សម្តេចហ៊ុន ម៉ាណែត បានស្នើដល់អភិបាលខេត្ត ក្រុង ត្រូវចូលរួមយ៉ាងសកម្មនិងគ្រប់គ្រងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានលឿននិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។សម្តេចនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យធ្វើការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥ ស្របតាមផែនការរបស់ក្រសួងនិងការបន្តការដោះស្រាយវិវាទដីធ្លី និងបញ្ហាបុរី(សហគមន៍លំនៅឋាន)ដែលនៅសេសសល់ឱ្យនៅកម្រិតអប្បបរមា ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ពង្រឹងសេដ្ឋកិច្ចកម្ពុជា និងភាពធន់ ពង្រីកឧស្សាហកម្មថ្មីៗ បង្កើនតម្លៃបន្ថែម កសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានិងរក្សាភាពសុខដុមនីយកម្មសង្គម។បើតាមនាយករដ្ឋមន្ត្រី ផ្ទៃដីប្រមាណ ១លានក្បាលដី ត្រូវបានចុះវាស់វែង និងកំណត់រួចរាល់ ហើយនៅសល់ ១លានក្បាលដីទៀត។ខេត្តកំពង់ចាមជាខេត្តដំបូងគេដែលបញ្ចប់ការចុះវាស់វែងនិងការកំណត់ព្រំដីរួចរាល់។ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យបន្តរៀបចំនិងគ្រប់គ្រងតំបន់បឹងទន្លេសាបឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងតំបន់អង្គរ៕AKP
Post a Comment