សន្ធឹកគាំទ្ររួមគ្នាស្រែកជ័យឃោសសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់វិស័យសេដ្ឋកិច្ចជាតិ និងលើកកម្ពស់អធិបតេយ្យជាតិដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។ឯកឧត្តមភឺនផល្លានាព្រឹកថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានអញ្ជើញចូលរួមពិធីអបអរសាទរការបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តីទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល អភិបាល អភិបាលនៃគណៈអភិបាលរាជធានីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រជាពលរដ្ឋនិងសិស្សានិសិស្សយ៉ាងច្រើនកុះករផងដែរ។
|
|
គម្រោង“ព្រែកជីកហ្វូណនតេជោ”គឺជាគម្រោងមួយដ៏ធំមហិមានិងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេសដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាពនិងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។សូមរំលឹកថាព្រែកជីកហ្វូណនតេជោមានប្រវែងសរុប១៨០គីឡូម៉ែត្រដែលប្រវែងស្ទើរទាំងអស់ជាតម្រាយផ្លូវទឹកធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះមានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មនិងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹកនិងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗតភ្ជាប់ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ៕
Post a Comment