ហេ​សបូឡាបាញ់មីស៊ីលចូ​លភាគខាងជើងអ៊ីស្រាអែល​អាមេរិកបំផ្លាញ​នាវាហ៊ូទី២​គ្រឿង​នៅសមុទ្រក្រហម

ក្រុមប្រដាប់អាវុធហេសបូឡានៅក្នុងប្រទេសលីបង់ នៅព្រឹកនេះ (ថ្ងៃទី១៤ ខែសីហា)បានបាញ់មីស៊ីលរាប់សិបគ្រាប់តម្រង់ទៅលើការតាំងទីលំនៅក្នុងតំបន់ Upper Galilee ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។កាសែត The Times of Israel បាននិយាយថាមីស៊ីលយ៉ាងតិច២៥គ្រាប់ ត្រូវបានក្រុមហេសបូឡាបាញ់បង្ហោះចូលទៅក្នុងដែនអាកាសភាគខាងជើងនៃប្រទេស នៅព្រឹកព្រលឹមថ្ងៃទី១៤ខែសីហា។ ការវាយប្រហារនេះបណ្តាលឱ្យស៊ីរ៉ែនវាយលុកតាមអាកាសបន្លឺឡើងនៅក្នុងតំបន់ Mount Meron រួមទាំងទីប្រជុំជន Hurfeish, Elkosh, Fassuta និងBeitJann។សេចក្តីថ្លែងការណ៍មួយរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសរសេរថា គ្រាប់មីស៊ីលដែលបាញ់ដោយក្រុមហេសបូឡា មិនបណ្តាលឲ្យមានអ្នករងរបួសណាមួយឡើយ។ បន្ទាប់មក IDF បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក ប្រឆាំងនឹងទីតាំងបាញ់គ្រាប់មីស៊ីលរបស់ហេសបូឡា។ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡាបានប្រកាសថាខ្លួនបានបាញ់មីស៊ីលប្រឆាំងនឹងគោលដៅយោធាអ៊ីស្រាអែលជាច្រើន រួមទាំង "ចំណុចប្រមូលផ្តុំរបស់ទាហាន IDF នៅ Jal al-Deir និងប៉ុស្តិ៍បញ្ជាការយោធានៅ Meron" ។

អាមេរិក​បាន​កម្ទេច​កប៉ាល់ហ៊ូទីពីរ​គ្រឿង​នៅ​សមុទ្រ​ក្រហម

ទីបញ្ជាការកណ្តាលអាមេរិក (US Centcom) បានប្រកាសនៅព្រឹកថ្ងៃទី ១៤ ខែសីហាថា កងនាវាចរអាមេរិកក្នុងរយៈពេល ២៤ ម៉ោងកន្លងមក បានបំផ្លាញនាវាពីរគ្រឿងរបស់ក្រុមប្រដាប់អាវុធហ៊ូទីនៅសមុទ្រក្រហម។“កប៉ាល់ទាំងនោះបង្កការគំរាមកំហែងចំពោះកងនាវាចរអាមេរិក និងសម្ព័ន្ធមិត្តក៏ដូចជានាវាពាណិជ្ជករដែលកំពុងប្រតិបត្តិការនៅសមុទ្រក្រហម។សកម្មភាពដែលមិនប្រុងប្រយ័ត្ន និងគ្រោះថ្នាក់ខាងលើរបស់ក្រុម ហ៊ូទីបន្តគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់” សេចក្តីប្រកាសរបស់ US Centcom នៅលើបណ្តាញសង្គម X បានសរសេរ។គេដឹងថាហ៊ូទីបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើនាវាដឹកជញ្ជូនអន្តរជាតិដែលឆ្លងកាត់សមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ ក្រុមនេះបានបញ្ជាក់ថា គោលបំណងនៃសកម្មភាពខាងលើគឺ «ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក៏ដូចជាការតវ៉ាប្រឆាំងនឹងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប»៕

Powered by Blogger.