ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះនិងសម្អាតបឹងដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះនិងសម្អាតបឹងដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យខាងតែបាន។ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្តនិងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ដោយត្រូវតែឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា។ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់០១បប «សម្អាតចកចេញពីបឹង» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ស្ថានភាពគ្រឿងញៀននៅកម្ពុជា មានការវិវត្តប្រែប្រួលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ ដោយបរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ,ការកែច្នៃផលិតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់, ប្រភេទគ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន, ការថយចុះនូវវត្តមានប្រភេទគ្រាប់ និងកើនឡើងនូវវត្តមានប្រភេទ ICE ដែលកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់។ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាគោលការណ៍ណែនាំនិងផែនការនានាសំដៅធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន ៖ ផែនការជាតិស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន, គោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព,សេចក្ដីណែនាំស្តីពីការរៀបចំយន្តការត្រួតពិនិត្យគ្រឿងញៀនថ្នាក់រាជធានី ខេត្ត ដល់ខណ្ឌ ក្រុង/ស្រុក និងសង្កាត់/ឃុំ, បទបញ្ជាលេខ ០១បប ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសេចក្តីព្រាងគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀន។
Post a Comment