នាយឧត្តមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិបានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលលើកឡើងថាបំណែកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនៅជួរភ្នំក្រវ៉ាញ ត្រូវបានរកឃើញ។នេះបើតាមបញ្ជាក់ឲ្យដឹងពីKhmerTimes។
|
|
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបាត់ដំណឹង នៅតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកំពុងហ្វឹកហ្វឺន។បើតាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា, ក្នុងឧទ្ធម្ភាគចក្រនេះ មានមនុស្ស២នាក់ គឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់។តាមរយៈបណ្តាញសង្គមផ្លូវការ លោក ឈុំ សុជាតិ បានអះអាងថា៖ «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងនោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយលោកបានស្នើដល់សាធារណជន កុំមានការភាន់ច្រលំ ៕
Post a Comment