Lee Li Holdings Group ដែលជាក្រុមហ៊ុនមានឯកទេសគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់លំដាប់ពិភពលោកដែលមានមូលដ្ឋាននៅក្នុងខេត្ត Ontario ប្រទេសកាណាដា មានចំណាប់អារម្មណ៍លើការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យសក្តានុពលរបស់កម្ពុជា រួមមានស័យឧស្ម័ន និងប្រេង វិស័យសុខាភិបាល មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និងវិស័យយានយន្ត។នេះត្រូវបានលើកឡើងនៅក្នុងឱកាសលោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group ចូលជួបសម្តែងការគួរសមចំពោះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព កាលពីថ្ងៃអង្គារ ។
|
|
ក្នុងជំនួបនោះ លោក Lee Q. Shim បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនបានជម្រាបជូនអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្តាប្រទេសនានា ក៏ដូចជាបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យខាងលើ។លោកបានលើកឡើងអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជាលើវិស័យសក្តានុពលចំនួនប្រាំដូចជា (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (៣) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (៤) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (៥) វិស័យយានយន្ត។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសម្តេចបានរំលេចផងដែរថា កម្ពុជាបានបង្កើតតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា គឺនៅទីក្រុងToronto និងទីក្រុងMontreal ។សម្តេចបានបន្តថា៖ «តំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនេះគឺជួយផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា។សម្តេចបានបន្តថា វត្តមានរបស់ប្រធាន និងគណៈប្រតិភូនៃក្រុមហ៊ុន Lee Li Holdings Group នឹងត្រួសត្រាយផ្លូវសម្រាប់អ្នកវិនិយោគកាណាដាផ្សេងទៀត ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជំរុញបណ្តាញពាណិជ្ជកម្ម និងបង្កើតអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។សម្តេចបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជនដោយផ្តល់ការលើកទឹកចិត្តនិងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។សម្តេចបានស្នើឱ្យគណៈប្រតិភូពិភាក្សាលម្អិតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល។យោងតាមលោក Lee Q. Shim ក្រុមហ៊ុន Lee Li Holdings ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ១៩៨៤ បានចាប់ផ្តើមជាអ្នកចែកចាយសាច់សម្រាប់ភោជនីយដ្ឋាន ហើយក្រោយមកបានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ (Vertical integration) លំដាប់ទីមួយ ដោយផ្តល់សេវាកម្មដល់ឧស្សាហកម្មជាច្រើន។Vertical integration គឺជាយុទ្ធសាស្រ្តដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្រួលប្រតិបត្តិការរបស់ខ្លួនដោយទទួលយកភាពជាម្ចាស់ផ្ទាល់នៃដំណាក់កាលផ្សេងៗនៃដំណើរការផលិតជាជាងពឹងផ្អែកលើអ្នកម៉ៅការឬអ្នកផ្គត់ផ្គង់ខាងក្រៅ៕
Post a Comment