សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ីបន្ថែមទៀត ខណៈដែលសម្តេចបានសម្តែងការពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគីជាពិសេសការទិញអង្ករពីកម្ពុជា។សម្តេចបានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៧ ខែមិថុនា នៅវិមានព្រឹទ្ធសភា។សម្តេចសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។សម្តេចបានសរសេរនៅលើបណ្តាញសង្គមថា“ខ្ញុំពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ីនិងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជាដែលជួយដល់កសិករកម្ពុជាខិតខំដាំដុះបន្ថែមទៀត និង ដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី។ជាមួយគ្នានេះសម្តេចបានរិះរកមធ្យោបាយដើម្បីកែលម្អចលនាទំនិញរវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ី។កាលពីខែមីនាឆ្នាំមុន សម្តេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានពិភាក្សាពីការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រដែលឆ្លងកាត់បាតសមុទ្រម៉ាឡេស៊ី ដើម្បីបញ្ជូនអគ្គិសនីពីកម្ពុជា ទៅសិង្ហបុរី។សម្តេចបានកត់សម្គាល់ថា៖ «នេះនឹងធានាសន្តិសុខថាមពលសម្រាប់ទាំងម៉ាឡេស៊ី និងអាស៊ាន»។សម្តេចបានលើកឡើងទៀតថាម៉ាឡេស៊ីទិញអង្ករពីកម្ពុជា បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងធានាសន្តិសុខស្បៀងម៉ាឡេស៊ី ហើយកម្ពុជាក៏ទិញប្រេងដូងពីម៉ាឡេស៊ីវិញ នេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។
|
|
ជាមួយគ្នានេះ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានអបអរសាទរចំពោះ សម្តេច ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។លោកឯកអគ្គរដ្ឋទូតបានរំលឹកពីស្នាដៃដ៏ធំធេងរបស់សម្តេចហ៊ុន សែន រួមទាំងការនាំមកនូវសន្តិភាពនៅកម្ពុជា។ លោកបានកត់សម្គាល់ថា៖ «សម្តេចហ៊ុន សែន បានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រទៅជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ប្រធានព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីក៏បានពិភាក្សាអំពីការពង្រឹងឧស្សាហកម្មម្ហូបអាហារហាឡាលផងដែរ ដោយសម្តេចហ៊ុន សែន ចង់ឃើញឧស្សាហកម្មហាឡាលជោគជ័យនៅកម្ពុជា។ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានអញ្ជើញសម្តេចហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដោយសម្តេចទទួលយកការអញ្ជើញ នឹងរកពេលវេលាសមស្របណាមួយនៅពេលខាងមុខដើម្បីទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ។ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar កាលពីខែកុម្ភៈ សម្តេចហ៊ុន ម៉ាណែត និងសមភាគីម៉ាឡេស៊ីបានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត និងបានពិចារណាលើលទ្ធភាពនៃការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួមមួយ។ក្នុងអំឡុងពេលនោះ លោកនាយករដ្ឋមន្រ្តី Anwar បានលើកឡើងថា “សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរបស់យើងបង្ហាញពីនិន្នាការកើនឡើង។ប៉ុន្តែយើងនៅតែមានសក្ដានុពលជាច្រើនទៀតក្នុងការពង្រឹងភាពជាដៃគូបន្ថែម។ យើងនឹងលើកទឹកចិត្តដល់វិស័យឯកជននៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការ»។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួន ៦៣២ លានដុល្លារក្នុងឆ្នាំ ២០២៣៕KhmerTimes
Post a Comment