សារលិ​​ខិតរាជរដ្ឋាភិ​បាលនៅក្នុងឱ​កា​សខួបលើកទី១​៧ទិវាអតីត​យុទ្ធជ​នកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៅក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនាឆ្នាំ២០២៤នេះបានផ្ញើលិខិតមួយដោយបានបញ្ជាក់ថារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាចងចាំជានិច្ចនូវការលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។

សារលិខិតបានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូន។ទន្ទឹមនេះសម្ដេចធិបតី បានធ្វើការអំពាវនាវ ចំនួន៦ចំណុចដើម្បីបង្កើនការចូលរួមគាំពារនិងឧបត្ថម្ភដល់អតីតយុទ្ធជន ដោយស្នើទៅគ្រប់ក្រសួងស្ថាប័នអង្គភាពនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំង ប្រដាប់អាវុធសម្ព័ន្ធមេត្រីភាពយុទ្ធជនយុទ្ធនារីដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនិងជនពិការនៅតាមមណ្ឌលយោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជនយុទ្ធនារី។ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អនិងមានប្រសិទ្ធភាពនូវការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជននិងការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនតាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីត យុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពនិងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុង ចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ។ទន្ទឹមនេះ សារលិខិតបានស្នើអោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ដោយឡែកសម្រាប់ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនឱ្យជួយផ្សព្វផ្សាយសារលិខិត និងសារាចរ របស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធនឹងវិស័យ អតីតយុទ្ធជន ឱ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត។សារលិខិតរបស់រាជរដ្ឋាភិបាលក៏បានស្នើសុំចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាសូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។នេះជាការគូសបញ្ជាក់នៅក្នុងសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតចាប់ពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើង ប្រាក់របបសន្តិសុខសង្គម​ប្រចាំខែជូននិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺន រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺន​រៀល ក្នុងមួយខែ ហើយដំឡើងដល់ ៨២ម៉ឺន ៥ពាន់រៀល ក្នុងមួយខែ នៅឆ្នាំ ២០២៤។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ និងកូន​ប្រចាំខែ​របស់​អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនបានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់​មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ដែលចាប់ពី ខែមករាឆ្នាំ២០២៤រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់​គ្រួសាររបស់អតីតយុទ្ធជនពលី និងមរណៈ និងប្រាក់ឧបត្ថម្ភប្តី ឬប្រពន្ធ ពី ១៥ ០០០រៀល ទៅ៣០ ០០០រៀល, កូនពី ១០ ០០០រៀល ទៅ ៣០ ០០០រៀល, និងឪពុក ម្តាយ ឬអាណាព្យាបាល ពី ៨ ០០០រៀល ទៅ ៣០ ០០០រៀល ក្នុងម្នាក់។ ទន្ទឹមនឹង នេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចទៀតថា ទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បីធានា​បាននូវប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គម​ប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត ហើយការបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរ​សប្តាហ៍ម្តង​ក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ។ រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជននិងជនបាត់បង់សមត្ថភាពការងារនិងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅ​ធនាគាររបស់​គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជនដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់៕

Powered by Blogger.