ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល” នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថាប្រទេសខ្លះគេហាមមិនឱ្យនាំរថយន្តចាស់ចូលដើម្បីលើកស្ទួយឧស្សាហកម្មរថយន្តក្នុងស្រុក តែយើងមិនចាំបាច់ទេយើងលើកទឹកចិត្តចំពោះឧស្សាហកម្មតម្លើងរថយន្តនៅប្រទេសរបស់យើង។ក៏ប៉ុន្តែត្រូវមានការប្រកួតប្រជែងជាមួយនឹងរថយន្តនាំចូល។ជាពិសេសរថយន្តមួយទឹកដោយត្រូវធានាថារថយន្តថ្មីដែលតម្លើងក្នុងស្រុកមានតម្លៃសមរម្យនិងមានគុណភាពនោះគឺប្រជាជននឹងទិញប្រើប្រាស់ហើយ ខណៈដែលរាជរដ្ឋាភិបាលកំពុងចង់បានរថយន្តដែលល្អ និងមានតម្លៃកាន់តែធូរថ្លៃដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងអាចមានលទ្ធភាពទិញជិះឱ្យបានកាន់តែច្រើន។
|
|
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាគឺមិនទាន់ឈានទៅដល់ការកំណត់ថាគ្រួសារមួយត្រូវតែមានឡានត្រឹមតែប៉ុន្មានគ្រឿងនោះទេ។សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលកំពុងតែខិតខំក្នុងការដោះស្រាយបញ្ហាផ្លូវគមនាគមន៍ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ដោយសម្តេចបានលើកឡើងថាទាំងឡាន ទាំងម៉ូតូ។ប្រសិនបើបងប្អូនមានលទ្ធភាពចង់ទិញប៉ុន្មានក៏ទិញទៅដោយរដ្ឋគឺជាអ្នកដោះស្រាយផ្លូវគមនាគមន៍ដើម្បីឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសន្តិភាពទាំងផ្លូវកាយទាំងផ្លូវចិត្តដែលយើងត្រូវតែធានាឱ្យបានជាដាច់ខាតនូវសុខសន្តិភាពកុំឱ្យផ្ទុះសង្គ្រាមឡើងវិញ។ស្ថិតក្នុងឱកាសនោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំក្រសួង-ស្ថាប័នជំនាញនិងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តដោយឈរ លើគោលការណ៍ជាអាទិភាព ចំនួន២ រួមមាន ៖ទី១-បង្កើនល្បឿនការអភិវឌ្ឍទីក្រុងដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជននិងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥ និងទី២-ផ្តើមគិតពីកិច្ចការសាងសង់ ដោយសំណង់នីមួយៗឱ្យស្របតាមការវិវត្ត នៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។សម្តេចធិបតី ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈ ទំនើបវ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានាក្នុងរាជធានីភ្នំពេញដូចជា ការបំពាក់ កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និង ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារ សាធារណៈ ដើម្បីឱ្យទីក្រុងកាន់ តែមានភាពទាក់ទាញ ប្រណីត និងស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន៕
Post a Comment