សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាក្នុងសប្ដាហ៍ទី៣នៃខែមិថុនាឆ្នាំ២០២៤
នាល្ងាចថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ពីប្រទេសអូស្ត្រាលី បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យរយៈពេលមួយសប្ដាហ៍។ ទន្ទឹមនឹងការឯកភាពពង្រីកកិច្ចសហប្រតិបត្តិការកម្រិតនយោបាយជាមួយថ្នាក់ដឹកនាំអូស្ត្រាលីគណៈប្រតិភូបានទស្សនកិច្ចផ្ទាល់នៅទីតាំងមួយចំនួន ដើម្បីច្បិចយកបទពិសោធល្អៗនៃការអនុវត្តការងារជំនាញរបស់អង្គភាព និងមន្ត្រីអូស្ត្រាលីមកធ្វើជាធាតុចូលនៃកំណែទម្រង់ពិសេសកិច្ចការអន្តោប្រវេសន៍។
នាព្រឹកថ្ងៃទី១៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានបន្តចូលរួមជូនដំណើរសម្ដេចធិបតី ដឹកនាំគណប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ឈានចូលថ្ងៃទី១៩ ខែមិថុនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់ថ្នាក់ ឈរលើមូលដ្ឋានមិនពង្រីកថែម។ប៉ុន្តែច្របាច់បញ្ចូលរចនាសម្ព័ន្ធប្រហាក់ប្រហែល ស្របតាមគោលការណ៍ដឹកនាំសម្ដេចធិបតី។ រសៀលថ្ងៃដដែល ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍សម្ដេចធិបតី ពីប្រទេសសិង្ហបុរី។នាព្រឹកថ្ងៃទី២០ មិថុនា ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានអញ្ជើញចូលរួមទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខួបលើកទី៤៧ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤)និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រារព្ធនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំមុននឹងអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ តាមប្រព័ន្ធហ្សូម នាពេលរសៀល។បន្តមកដល់ថ្ងៃសុក្រទី២១ ខែមិថុនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់ៗ ចំនួន ៣ រួមមាន៖ កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនការងារ និងលើកទិសដៅការងារបន្តរបស់ក្រុមប្រឹក្សានីតិកម្ម កិច្ចប្រជុំស្ដីពីវឌ្ឍនភាពអគ្គលេខាធិការដ្ឋាន និងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ ដែលមានគោលបំណងធានានិរន្តរភាពការងារការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ត្រីនគរបាលជាតិកម្ពុជា ប្រកបដោយប្រសិទ្ធភាព។ចំណែកនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ក្នុងវិទ្យាល័យ ហ៊ុន សែន ពានរោង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអញ្ជើញជាអធីបតីក្នុងពិធីកាត់ឬសីមាព្រះវិហារ និងឆ្លងក្លោងទ្វារក្នុងបរិវេណវត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕
Post a Comment