វិធានការ៩​ចំណុចដើម្បីទប់ស្កាត់​ការកេងប្រវ័ញ្ចនិងរំ​លោភបំពាន​លើកុមារ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានអំពាវនាវ ៩ចំណុចដើម្បីឲ្យក្រសួងស្ថាប័ននិងមន្ត្រីពាក់ព័ន្ធបង្កើនកិច្ចគាំពារកុមារ​ សំដៅទប់ស្កាត់ការកេងប្រវ័ញ្ចនិងរំលោភបំពានលើកុមារគ្រប់រូបភាព។តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះដែលក្រុមការងារផ្សព្វផ្សាយតាមអ៊ិនធើណេតក្រសួងព័ត៌មានទទួលបាននារសៀលថ្ងៃទី៣១ខែឧសភានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវដូចតទៅ៖

រូបភាពសហការី
១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួល និងពង្រឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារព្រមទាំងផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារជាមួយក្រសួងស្ថាប័នដៃគូអភិវឌ្ឍសង្គមស៊ីវិលប្រកបដោយប្រសិទ្ធភាព។

២-ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតាអាណាព្យាបាលសហគមន៍និងកុមារត្រូវសហការស្វែងរកដំណោះស្រាយបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមតាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារនិងត្រូវរួមគ្នាដោះស្រាយទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព ទាំងអហ្វឡាញ និងអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។

៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ជាមួយកុមារ រាល់ពេលតាក់តែងច្បាប់ គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្តនានា ដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេជាពិសេស លើកកម្ពស់ការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យមានភាពទូលំទូលាយ។

៤- លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារ តាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយពង្រឹងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព ជាពិសេសបណ្តុះបណ្តាលដល់អនក្ខរជនឌីជីថល និងជំរុញលើកកម្ពស់ពលរដ្ឋកម្ពុជា ឱ្យក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយសុវត្ថិភាព និងឧត្តមប្រយោជន៍។

៥- ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារ ពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុត គំរាមកំហែងគ្រប់បែបយ៉ាងនិងត្រូវធ្វើឱ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្ស ពេញវ័យដែលជាអ្នកថែទាំពួកគេ។

៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់ គ្រប់ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាននិងចលនាសាធារណជនក្នុងការស្វែងរកដំណោះស្រាយ សមស្របដើម្បីជួយសង្គ្រោះពលកម្មកុមារ។

៧-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនិងពលកម្មកុមារគ្រប់រូបភាព។ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

៨- បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតប ឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនិងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា។និង៩- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍ រៀបចំពិធីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស។សូមបញ្ជាក់ជូនថា ឆ្នាំនេះ ទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។ការប្រារព្វទិវានេះដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធឌីជីថល ដោយជួយ គាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវញ្ចនិងការរំលោភបំពាននានាតាមប្រព័ន្ធអនឡាញបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅធានាថាកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព៕AKP

Powered by Blogger.