ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១ ខែឧសឆ្នាំ២០២៤នេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាកម្ពុជាមិនធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដោយសារប្រទេសមហាអំណាចណាមួយជាថ្មីនោះទេដើម្បីធ្វើយ៉ាងណារក្សាសុខសន្ដិភាពសម្រាប់ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខសាន្ដ។សម្តេចធិបតីបានថ្លែងថាសូមកុំយកកម្ពុជាធ្វើជាភូមិសាស្រ្ដជម្លោះនៅក្នុងតំបន់ព្រោះកម្ពុជាមិនមានជម្រើសចាប់អ្នកណាប្រឆាំងអ្នកណានោះទេ គឺកម្ពុជាសាមគ្គីទាំងអស់គ្នា។
|
|
សម្តេចធិបតីហ៊ុនម៉ាណែតសង្ឃឹមថានយោបាយភូមិសាស្រ្ដការប្រកួតប្រជែងមិនឈានទៅដល់ការប៉ះទង្គិចគ្នា ដើម្បីបាត់បង់ស្ថេរភាពនៅក្នុងតំបន់ និងពិភពលោក ដូចកាលពីទសវត្សឆ្នាំ៧០និង៨០តទៅទៀតនោះទេ បន្ទាប់ពីសង្គ្រាមនៅកម្ពុជាកើតចេញពីការធ្លាក់ចូលក្នុងអន្ទាក់នៃសង្គា្រមប្រទេសមហាអំណាច។សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនត្រូវការទ័ពបរទេសលើទឹកដីកម្ពុជាទេហើយកម្ពុជាឆ្លងកាត់រួចហើយសង្គ្រាម ដូច្នេះកម្ពុជាអត់ត្រូវការសង្គ្រាមទៀតនោះទេ។សម្តេចធិបតី បានបញ្ជាក់ថាកម្ពុជាចង់បានតែសេចក្តីសុខនិងចង់ឱ្យប្រជាពលរដ្ឋឃើញតែពន្លឺភាពសុខសាន្តតែប៉ុណ្ណោះ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដរាបណាខ្មែរមានសុខសន្តិភាព កូនខ្មែរមានសមត្ថភាពធ្វើអ្វី ដែលជារបស់ខ្មែរមិនចាញ់គេនោះទេ ។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរ និងឧទ្ទិសទិវាពលកម្មអន្តរជាតិ ឱ្យក្លាយទៅជាទិវានៃសាមគ្គីភាព ភាតរភាព សមភាពសម្រាប់ពលករកម្ពុជា ក៏ដូចជាសម្រាប់មហាគ្រួសារនៃសង្គមជាតិកម្ពុជាទាំងមូល ។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តពង្រឹងនូវកិច្ចសហការគ្នាជាអតិបរមា ដើម្បីភាពសុខដុមរមនានៃមហាគ្រួសារសង្គមជាតិខ្មែរ ជាពិសេសរវាងនិយោជិត និងនិយោជក ដែលប្រៀបបីដូចគូស្វាមីភរិយា ហើយត្រូវតែមានការបំពេញឱ្យគ្នាទៅវិញទៅមកជាប្រចាំ៕
Post a Comment