នាយ​ករដ្ឋមន្រ្តីកម្ពុជាអញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី១៥ខែឧសភានេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េពីថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តមយូនសកយ៉ល(YoonSukYeol)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាសម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី យូន សកយ៉ល ដោយពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថាថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។សូមជម្រាបជូនថាកម្ពុជានិងកូរ៉េបានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០។ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស់ខ្មែរក្រហម។ក្រោយមករបបដឹកនាំដោយខ្មែរក្រហមនេះត្រូវបានដួលរលំនៅឆ្នាំ១៩៧៩ ដែលអាចឱ្យប្រទេស កម្ពុជាក្រោកឈរសាជាថ្មីបាន និងខិតខំប្រឹងប្រែងដើម្បីឱ្យមានស្ថិរភាពក្នុងប្រទេសឡើងវិញ។ ស្របពេលជាមួយគ្នានេះដែរក្រៅពីការធ្វើឱ្យមានស្ថិរភាពក្នុងប្រទេស រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយបណ្តាប្រទេសជិតខាងទាំងក្នុងតំបន់និងនៅលើសកលលោក រួមបញ្ចូលទាំងទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិធំៗផងដែរ ដូចជាអង្គការសហប្រជាជាតិជាដើម។ល។ការភ្ជាប់ទំនាក់ទំនងនេះក៏ឈានដល់ការចុះឯក សារពិធីសារលើកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាល បរទេស។ជាពិសេសជាមួយរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ផងដែរ។ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេស ទាំងពីរ កម្ពុជា- កូរ៉េ ត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ១៩៩៧ ដែលចាប់ពីពេលនោះមក ទំនាក់ទំនងទ្វេរភាគីនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ក្រោយមក ក្រោមទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានបង្កើតស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ ១៩៩៨។ចំណែកឯរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្កើតស្ថានទូតរបស់ខ្លួន ប្រចាំនៅសាធារណរដ្ឋកូរ៉េ ផងដែរនៅក្នុងឆ្នាំ២០០១»។ នេះបើយោងតាមការផ្សាយក្នុងគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា។ដោយឡែក ចំពោះលំហូរវិនិយោគ នៅក្នុងខែមករា ដើមឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំទឹកប្រាក់ជាង៦៣លានដុល្លារ។នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចធិបតី។ប្រភពដដែល បានគូសបញ្ជាក់ថា ក្នុងខែមករា ប្រទេសកម្ពុជា បាននាំចេញនូវទំនេញភាគច្រើនជា ផលិតផលកសិកម្មសម្លៀកបំពាក់កៅស៊ូនិងគ្រឿងបង្គុំអេឡិចត្រូនិក។ដោយឡែក កូរ៉េខាងត្បូង ក៏បាននាំចូលផលិតផលមកកាន់ទីផ្សារប្រទេសកម្ពុជា រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថជាដើម៕

Powered by Blogger.