រដ្ឋមន្ត្រីក្រសួងព័ត៌​មាន​បញ្ជាក់ថា​បណ្ណសម្គាល់​អត្តសញ្ញាណ​អ្នកសា​រព័ត៌មានទម្រង់ថ្មីមាន​បំពាក់Q​RCodeទប់ស្កាត់​ការក្លែងក្លា​យប្រកប​គុណភាពខ្ពស់

បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់។លោកនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នក សារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់QRCodeនិងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងលោករដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ខែមេសាឆ្នាំ២០២៤។នេះបើតាមចេញផ្សាយAKP។

លោកនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជាបង្ហាញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មី។រូបភាពAKP
លោកបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណនិងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមកសូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ លោករដ្ឋមន្ត្រីបានថ្លែងថាក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។លោកបានថ្លែងថាចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន។ប៉ុន្តែស្នើសុំឱ្យស្នើសុំយក​QR Code ពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ។ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានរំឭកថាករណីការបោះពុម្ពដោយសាម៉ីអង្គភាពមិនមានគុណភាពល្អ អាចធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ QR Code។ជាមួយគ្នានេះលោករដ្ឋមន្ត្រីលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថានៅកម្ពុជាអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២០០០ ហើយអ្នកសារព័ត៌មានមានប្រមាណជិត ១ម៉ឺននាក់ ហើយគិតត្រឹមដំណាច់ខែមីនា មានអ្នកសារព័ត៌មានប្រមាណជាង ៥០០០​នាក់ដែលបានដាក់ពាក្យសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានពីក្រសួងព័ត៌មាន។លោករដ្ឋមន្ត្រីបានថ្លែងថាក្រសួងព័ត៌មាននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពន្លឿនការចេញបណ្ណសម្គាល់អត្តសញ្ញាណ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាជូនបងប្អូនអ្នកសារព័ត៌មាន៕​ប្រភពAKP

AKP



Powered by Blogger.