KSIគ្រោងរៀបចំ​កិច្ចប្រជុំកំពូលផ្នែកបច្ចេកវិទ្យា​និងសេដ្ឋកិច្ចចិន​នៅកម្ពុជា

ថ្នាក់ដឹកនាំវិទ្យាស្ថានយុទ្ធសាស្រ្ត(KSI)គ្រោងរៀបចំកម្មវិធីកិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិននិងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាពនិងសេដ្ឋកិច្ចអាស៊ី​ឆ្នាំ២០២៤នៅកម្ពុជា។​ព័ត៌មាននេះត្រូវបានបង្ហាញក្នុងពេលសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួបនេះលោកប្រធានវិទ្យាស្ថានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ ហើយលោកមានជំនឿជាក់ថាក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជា នឹងមានការអភិវឌ្ឍនិងរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។លោកប្រធានវិទ្យាស្ថាន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាព ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា។ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ បន្ថែមលើនេះលោកប្រធានវិទ្យាស្ថាន បានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិតស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តការណ៍ចំនួន២។កិច្ចប្រជុំទាំង២រួមមាន កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។ កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាននិងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។ជាការឆ្លើយតប សម្តេចធិបតីហ៊ុន ម៉ាណែតបានស្វាគមន៍ ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានវិទ្យាស្ថាន និងសហការី ព្រមទាំងបានសម្តែងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំង២នេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។សម្តេចធិបតី បានទទួលយកការអញ្ជើញ របស់លោកប្រធានវិទ្យាស្ថាន ក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះ។ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគ លើបច្ចេកវិទ្យាហិរញ្ញវត្ថុនិងវិស័យឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាពនិងបរិយាប័ន្ន៕

Powered by Blogger.