សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យប្រើប្រាស់ប្រទេសខ្លួនដើម្បីប្រឆាំងនឹងប្រទេសណាឡើយខណៈរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
|
|
ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការលើកឡើងពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ពិសេសនោះនាពេលថ្មីៗនេះមានកាសែតបរទេស និងអ្នកវិភាគខ្លះ បាននិយាយថា«ការធ្វើព្រែកជីកហ្វូណនតេជោនេះដើម្បីឱ្យប្រទេសមហាអំណាចមួយយកនាវាចម្បាំងយកមកដាក់ប្រទេសមួយទៀតដើម្បីបង្កើតនូវហានិភ័យ»។នាឱកាសអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ស្ថិតនៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតីបានបកស្រាយថា «រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុជា គ្មានមហិច្ឆតា គ្មានគោលគំនិត ហើយគ្មានភាពក្លាហា នក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ព នៅក្នុងទឹកដីកម្ពុជានោះទេ»។សម្ដេចធិបតីបន្ដថា កម្ពុជាមិនឱ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណា មួយនោះទេ កុំថាឡើយ ការតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់កម្ពុជា សូម្បីតែសកម្មភាពផ្សេងៗដែលប្រឆាំងនឹងប្រទេសណាមួយក៏មិនឱ្យមាននោះដែរ។ សម្ដេចធិបតីបញ្ជាក់ថា «យើងមិនឱ្យប្រើប្រាស់ប្រទេសយើង ជាមូលដ្ឋាន ប្រឆាំងជាមួយប្រទេសណាមួយនោះទេ កុំថាឡើយ មូលដ្ឋានទ័ពសូម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសណាមួយក៏យើងមិនឱ្យមាននោះដែរ។ នេះជាមូលដ្ឋានរបស់យើង»។ទាក់ទិននឹងការចោទថា ព្រែកជីកតេជោហ្វូណន នឹងអនុញ្ញាតឲ្យប្រទេសចិនយកនា វាចម្បាំងប្រឆាំងនឹងប្រទេសជិតខាងកម្ពុជានោះត្រូវបាន សម្ដេចធិបតី ហ៊ុន ម៉ាណែតបកស្រាយថានាវាចម្បាំងធំៗមិនអាចចូលចតនៅព្រែកជីកហ្វូណនតេជោបានឡើយព្រោះតែនាវាចម្បាំងមានទំហំធំលើសពីទំហំព្រែកជីកហ្វូណនដែលមានមុខកាត់ត្រឹម ១០០ម៉ែត្រ និងជម្រៅត្រឹមប្រមាណ ៥ម៉ែត្រប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចធិបតី បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោសាងសង់ឡើងដើម្បីតែនា វាដឹកទំនិញតែប៉ុណ្ណោះ ពោល គឺនាវាចម្បាំងមិនអាចចូលចត បានឡើយ៕ប្រភពAKP
Post a Comment