ឯកអគ្គរដ្ឋទូតវា​យ​តម្លៃខ្ពស់លើទំនាក់ទំ​ន​ងដ៏ល្អរវាងអូស្ត្រា​លី-កម្ពុជា

 សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤បានអនុញ្ញាតឱ្យលោកចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក ចាស្ទីន ខេវិន វ៉ាយអេតបានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកនិងសហការីចូលជួបសម្តែងការគួរសម និងជម្រាបលាព្រមទាំងបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងដ៏ល្អរវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងនូវការអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នាពេលកន្លងមក។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការដែលសម្តេចធិបតីនិងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលីបានពិភាក្សាគ្នាថ្មីៗនៅប្រទេសអូស្រ្តាលី។ទន្ទឹមនោះឯកអគ្គរដ្ឋទូតក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំតាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជានិងការភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានា របស់កម្ពុជា។ បន្ថែមលើនេះឯកអគ្គរដ្ឋទូតក៏បានគោរពបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២លើវិស័យអាទិភាពមួយចំនួន រួមមាន៖កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោកចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការដែលសម្តេចនិងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលីបានពិភាក្សាគ្នានាពេលកន្លងមកនិងបានសម្តែងនូវការអរគុណនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្រលើវិស័យអាទិភាព និងលើកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រទេសអូស្រ្តាលី។ ពាក់ព័ន្ធនឹងវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី ក៏បានបញ្ជាក់ពីការជំរុញនូវការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ហើយមានជំនឿជាក់ថាការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំង២នឹងកាន់តែប្រសើរឡើង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតង សម្តេចធិបតី បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍថាមពលបៃតង ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគលើវិស័យទាំងនេះ។ក្នុងក្របខ័ណ្ឌវិស័យការពារជាតិ និងសន្តិសុខសម្តេចធិបតីបានបញ្ជាក់ពីការបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-អូស្រ្តាលី តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ជាដើម។

មុននឹងបញ្ចប់សម្តេចធិបតីនិងឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងការចូលរួមចំណែកថែរក្សានូវសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕

Powered by Blogger.