សហព័ន្ធស្វីស​​បន្តគាំ​ទ្រកំណែទម្រង់វិមជ្ឈការ​នៅកម្ពុជា​និងគម្រោងបណ្ដុះបណ្ដា​លពង្រឹងសមត្ថភា​​ពមន្ត្រីក្រសួងមហាផ្ទៃ

 រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។នេះបើតាមខ្លឹមសារនៃកិច្ចជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ 

សំណើទាំង៣ចំណុច ដែលស្នើឡើងដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានិងទទួលបានការឯកភាពគាំទ្រពីភាគីស្វីស នោះរួមមាន ៖ ទី១. ការគាំទ្រដំណើរការកែទម្រង់វិមជ្ឈការនៅកម្ពុជាព្រមទាំងជំនួយបច្ចេកទេសនានាដែលជាតម្រូវការចាំបាច់ទី២.ការគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្ត្រីនគរបាលនិងអ្នកអនុវត្តច្បាប់នៅកម្ពុជាពិសេសពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងទី៣. ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីនៅស្ថាប័នក្រោមជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ក្នុងជំនួបនោះដែរ ឯកឧត្តម Alexandre Faselរដ្ឋលេខាធិការក្រសួងការបរទេសស្វីសបានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូកម្ពុជា និងបានចូលរួមអបអរសាទរឯកឧត្តមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹមនិងជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយជោគជ័យ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហព័ន្ធស្វីស ដែលបាននឹងផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គមខណៈក្នុងជំនួបនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការទទួកយកសំណើទាំង៣ របស់កម្ពុជា។នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទាំងនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីដកស្រង់បទពិសោធបន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕






















Powered by Blogger.