ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសហសិក្សា អគារស្នាក់នៅនិងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាសមាមាត្រនៃបរិមាណរវាង នាយទាហាននិងពលទាហានត្រូវឲ្យមានភាពសមស្របហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួន «ទ័ពលើសតែខ្វះ»និង «ខ្វះតែលើស»។
|
|
សម្តេចធិបតីបានគូសបញ្ចាក់ថាការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ “គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែងនិងច្បាប់លក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្តថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្តនិងប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលព្យាបាល និងវះកាត់»។មេបញ្ជាការគ្រប់ថ្នាក់ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រងស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិនដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា។សម្ដេចធិបតីបានបញ្ជាក់បន្ថែមថាការរៀបចំផែនការក្នុងឆ្នាំ២០២៤-២០២៥ គឺគិតធ្វើឱ្យចេញ ដើម្បីឱ្យដឹងថា១៥ឆ្នាំឬ២០ឆ្នាំទៀត គិតអំពីតុល្យភាពរវាងនាយទាហាន និងពលទាហាន យើងសមស្រប ហើយតើក្នុង១ឆ្នាំៗយើងត្រូវជ្រើសរើសយកនាយទាហានប៉ុន្មាន បណ្ដុះបណ្ដាលក្នុងស្រុកប៉ុន្មានក្រៅស្រុកប៉ុន្មានហើយគិតយកអត្រាភាគរយតែម្ដង យើងត្រូវគិតគូរពីកិច្ចការនេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ត្រូវដាក់ទិសដៅរយៈពេល១០ឆ្នាំក្នុងការបណ្ដុះបណ្ដាល ត្រូវពន្លឿនគិតគូរអំពីយោធិនកាតព្វកិច្ចនេះ ដែលមិនមែនគិតពីការរើសចូលតែមួយនោះទេ ត្រូវគិតពីការថែទាំ ខណៈពេលហាត់ចប់១៨ខែ ត្រូវថែទាំគាត់កម្រិតណា អ្នកដែលរើសចូលអាជីព ឬអ្នកដែលនៅត្រូវថែទាំយ៉ាងណា ដូច្នេះ ត្រូវមានផែនការក្នុងការថែទាំពួកគាត់»៕
Post a Comment