កាលពីថ្ងៃពុធសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានគូសបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាពក្នុងវិស័យធនធានទឹក និងឧតុនិយម មិនអាចកើតឡើងបានទេ ។ប្រសិនបើគ្មានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។នេះបើតាមការចេញផ្សាយ Xinhua។
|
|
សម្តេចនាយករដ្ឋមន្ត្រី បានបន្ដថា «ប្រទេសកម្ពុជាបានឆ្លងកាត់ការលំបាកនៃសង្គ្រាមដ៏រុំារៃ ប៉ុន្តែក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលជ័យជំនះក្នុងការធានាបាននូវសន្តិភាពយូរអង្វែង និងឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ។រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងចតុកោណជាបួនដំណាក់កាល ដោយទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច។សមិទ្ធផលទាំងនេះមិនត្រឹមតែបានប្រែក្លាយទិដ្ឋភាពរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានកេរ្តិ៍ឈ្មោះប្រកបដោយមោទនភាព និងកិត្តិយសក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា ផ្អែកលើបទពិសោធន៍កន្លងមក រាជរដ្ឋាភិបាលនៃនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវផែនការដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ដោយកំណត់អាទិភាពសំខាន់ៗចំនួន៥ គឺប្រជាពលរដ្ឋ ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា។ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធសាស្ត្រដ៏មុតស្រួចនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលរក្សាបាននូវគន្លងដ៏រឹងមាំនៃសន្តិសុខ សន្តិភាព កំណើន និងផលិតភាពសេដ្ឋកិច្ច។ ជាងនេះទៅទៀត យុទ្ធសាស្ត្រនេះបានជួយសម្រួលដល់សន្ទុះនៃការអភិវឌ្ឍន៍ជាតិជាបន្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយបដិវត្តន៍ឧស្សាហកម្មទី៤។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីពង្រឹងភាពធន់នៅទូទាំងវិស័យសាធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម និងបរិស្ថាន រួមទាំងធនធានទឹក និងឧតុនិយម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
Post a Comment