សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៅថ្ងៃអាទិត្យបានប្រកាសអំពីគម្រោងជ្រើសរើសសម្បត្តិវប្បធម៌រូបីចំនួន៧និងអរូបីចំនួន៣សម្រាប់ស្នើដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។នេះបើតាមការចេញផ្សាយXinhua។សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីទាំង៧ រួមមាន សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបូរីភ្នំដា រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទបេងមាលានិងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំគូលែន។
|
|
សម្តេចធិបតីបានបន្ថែមថា សម្បត្តិវប្បធម៌ចំនួន៣ ដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិគឺ សង្ក្រាន្តខ្មែរ ក្រមាត្បាញប្រពៃណីនិងអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ។សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅខេត្តពោធិ៍សាត់ថា “យើងនឹងស្នើដាក់សម្បត្តិវប្បធម៌ខ្មែរទាំងនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីឱ្យពិភពលោកបានស្គាល់សម្បត្តិវប្បធម៌របស់ដូនតាយើង នឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិ”។សម្តេចធិបតីបានមានប្រសាសន៍ថា ជាធម្មតាវាត្រូវចំណាយពេលជិត២ឆ្នាំ ដើម្បីចុះឈ្មោះសម្បត្តិវប្បធម៌ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយប្រទេសមួយអាចស្នើចុះបញ្ជីសម្បត្តិវប្បធម៌តែមួយគត់ក្នុងមួយឆ្នាំ។បើតាមសម្តេចកម្ពុជានឹងដាក់ឯកសារ ដើម្បីចុះឈ្មោះសង្ក្រាន្តខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ នៅឆ្នាំ២០២៥ ហើយរំពឹងថានឹងត្រូវបានចុះបញ្ជីជាផ្លូវការនៅឆ្នាំ២០២៦។សង្ក្រាន្ត គឺមកពីពាក្យសំស្រ្កឹតប្រើសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃប្រតិទិនចន្ទគតិ ដែលត្រូវបានប្រារព្ធនៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនាមួយចំនួន នៅអាស៊ី រួមមានប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។សម្តេចបានអោយដឹងទៀតថាមកទល់នឹងពេលនេះ កម្ពុជា មានសម្បត្តិវប្បធម៌រូបីចំនួន៤និងបេតិកភណ្ឌវប្បធម៌អរូបីចំនួន៦ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។សម្បត្តិវប្បធម៌រូបីដែលបានចុះបញ្ជីរួមមាន ឧទ្យានបុរាណអង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរ។សម្តេចធិបតីបានបន្ថែមថា រីឯបេតិកភណ្ឌវប្បធម៌អរូបីដែលបានចុះបញ្ជីរួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត និងក្បាច់គុនបុរាណគុនល្បុក្កតោ៕
Post a Comment